(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ចិនចង់វិនិយោគពូជស្រូវ ប្រភេទ «គ្រាប់កន្តុល» នៅកម្ពុជា ក្នុងគោលបំណងដើម្បីផលិតស្រូវ, ប្រមូលកែច្នៃស្រូវ និងនាំអង្ករប្រភេទនេះ ចេញទៅប្រទេសចិន។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ និងផ្សព្វផ្សាយគម្រោងវិនិយោគ ដំណាំស្រូវពូជ (Japonica) ដែលរៀបចំធ្វើឡើងនៅអាគារផ្ការំដួល នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។
សិក្ខាសាលាស្តីពី ការពិគ្រោះយោបល់ និងផ្សព្វផ្សាយគម្រោងវិនិយោគ ដំណាំស្រូវពូជ ខាងលើនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមចូលរួមមក ពីក្រសួង ពាក់ព័ន្ធ មន្ទីរជំនាញ មកពីបណ្តាខេត្ត ជុំវិញបឹងទន្លេសាប មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ «ហ៊ូ ណាន» និងអ្នកវិនិយោគិន មកពីប្រទេសចិន សរុបប្រមាណ៨០នាក់។
ថ្លែងនៅក្នុងសិក្ខាសាលានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន បានសិក្សាស្រាវជ្រាវ រកពូជស្រូវប្រភេទ គ្រាប់កន្តុល (Japonica) នៅប្រទេសកម្ពុជា ក្នុងគោលបំណង ផលិតស្រូវ ប្រមូលកែច្នៃស្រូវ និងនាំអង្ករប្រភេទនេះ ចេញទៅប្រទេសចិន។
លោកថា គម្រោងវិនិយោគលើដំណាំស្រូវនេះ មានផែនការសហការជាមួយកសិករ ដើម្បីដាំដុះលើផ្ទៃដី២០ម៉ឺនហិកតា ដោយប្រើប្រាស់ពូជស្រូវកន្តុលតំបន់ត្រូពិច (Tropical Japonica) ដែលបានធ្វើការពិសោធកន្លងមក នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ទិន្នផលស្រូវនៅកម្ពុជា ឲ្យកើនឡើងរហូតដល់ ៣០% ពោលគឺជួយលើកកម្ពស់ អត្រាទិន្នផលស្រូវ ឲ្យកើនឡើងពី៥ ទៅ៦តោន/ហិកតា។
លោក វេង សាខុន បានបន្ថែមថា ម្យ៉ាងទៀត មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន មានគម្រោងសាងសង់ រោងចក្រកែច្នៃអង្ករទំនើប ឃ្លាំងស្តុក និងជំរុញការកែច្នៃអង្ករ របស់កម្ពុជា ឲ្យមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងជំរុញឲ្យប្រទេសកម្ពុជា ក្លាយជាអ្នកនាំចេញអង្ករដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ី។
លោករដ្ឋមន្ដ្រី បន្ដទៀតថា ឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ អង្គសិក្ខា-សាលានាថ្ងៃនេះ មានគោលបំណងសំខាន់ៗ ចំនួន៣ចំណុច រួមមាន ១៖ ផ្សព្វផ្សាយពីពូជស្រូវ ប្រភេទថ្មី នៃអង្ករកន្តុល Japonica ដែលបានធ្វើការពិសោធកន្លងមក នៅក្នុងខេត្តកំពង់ស្ពឺ, ២៖ ណែនាំពីបច្ចេកទេសប្រើប្រាស់ជី របស់មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន និង៣៖ ការពិភាក្សាលើការរៀបចំ កិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។
ដើម្បីឲ្យកិច្ចសហប្រតិបត្តិការលើការងារនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសដោយអនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន Hunan Hybrid Rice Research Center និង Jiangsu Long An Agricultural Technology Co., ltd លោក វេង សាខុន បានផ្តល់នូវ អនុសាសន៍ជាមូលដ្ឋាន ជូនអង្គសិក្ខាសាលា ដើម្បីធ្វើការពិចារណាដូចខាងក្រោម៖
១៖ ភាគីទាំងពីរ ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពជំនាញក្រោមឱវាទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការងារសិក្សាស្រាវជ្រាវ វាយតម្លៃ និងជ្រើសរើសពូជស្រូវ គ្រាប់កន្តុលប្រភេទ Japonica នេះ ដើម្បីធានាថា មានភាពសមស្របនឹងលក្ខខណ្ឌ ដាំដុះក្នុងប្រទេសកម្ពុជា។ ត្រូវរៀបចំផែនការ និងកំណត់ទីតាំង ផលិតកម្មស្រូវឲ្យបានច្បាស់លាស់ ស្របតាមរដូវកាលដាំដុះ បង្គុំបច្ចេកទេស និងសក្តានុពលដី។
២៖ បន្ដពង្រឹងការងារអប់រំផ្សព្វផ្សាយបច្ចេកទេស ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និស្សិត ព្រមទាំងកសិករ ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត តាមគ្រប់មធ្យោបាយដូចជា សាលារៀនស្រែកសិករ វគ្គបណ្ដុះបណ្ដាលខ្លីៗ ការធ្វើបង្ហាញ ទិវាស្រែ ទស្សនកិច្ចសិក្សា និងលើកកម្ពស់សហគមន៍អភិវឌ្ឍន៍កសិកម្ម ជាពិសេសធ្វើការតម្រង់ ទិសទៅរកការពង្រឹងសមត្ថភាព របស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្ម កសិកម្មតាមកិច្ចសន្យា ជាមួយភាគីទិញនៅប្រទេសចិន ឲ្យបានច្បាស់លាស់ ដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ ប្រកបដោយសមធម៌ដើម្បី ធានាទីផ្សារអង្ករ ដែលផលិតបានប្រកបដោយភាពម្ចាស់ការ និងស័ក្តិ-សិទ្ធភាព ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញ អង្ករពីកម្ពុជា។
៣៖ ត្រូវអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តជាធរមាន ពិសេសកិច្ចសហការ ជាមួយអង្គភាពជំនាញពាក់ព័ន្ធ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ទាំងអស់ ត្រូវខិតខំបន្តពង្រីកវិសាលភាព ដើម្បីបំពេញតួនាទីក្នុងការបង្កើនការយល់ដឹង ដល់សមត្ថកិច្ចដែលកំពុងមានសកម្មភាពពាក់ព័ន្ធ នឹងការនាំចេញអង្ករ ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីន កិនស្រូវ និងកែច្នៃអង្ករ ក្រុមហ៊ុនឡូហ្គីស្ទីក ក្រុមហ៊ុនដឹកជញ្ជូន -ល-។ ក្នុងការរៀបចំថែទាំស្រូវ អង្ករមុនការនាំចេញ និងបំពេញបែបបទ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ ប្រទេសនាំចូល និងរាល់កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសនាំចូលឲ្យបានសមស្រប តាមស្តង់ដារភូមគាមអនាម័យទាំងបរិមាណ គុណភាព និងនីតិវិធីជាធរមាន៕