(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) រៀបចំកម្មវិធីចាប់គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ថ្នាក់ខេត្តរួចរាល់ហើយ ដោយអតីតក្រុមសមាជិកលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ ត្រូវជួបខេត្តកំពត និងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ត្រូវជួបខេត្តកោះកុង។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ CNCC បានបញ្ជាក់ថា ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិតែ១គត់ នៅថ្ងៃទី១២ ខែឧសភាខាងមុខ ក្នុងនោះក្រុមគិរីវង់សុខសែនជ័យ ត្រូវជួបខេត្តកំពតមុន នាម៉ោង ៣រសៀល បន្ទាប់មកទើបខេត្តកោះកុង ដែលចាប់ឆ្នោតក្នុងនាមជាម្ចាស់ទឹកដី ត្រូវជួបក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ។
មន្ដ្រី CNCC ដដែលបានបន្ដថា ក្រោយបញ្ចប់ការប្រកួត សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវបន្ដជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជើងឯក ប៉ុន្ដែក្រុមចាញ់ នឹងមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នោះទេ ពោលគឺរង់ចាំការប្រកួតពានរង្វាន់ថ្នាក់ជាតិ ដែលក្រុមទាំង៤ សុទ្ធតែទទួលបានសិទ្ធិចូលរួម ហើយគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ចំពោះពានរង្វាន់ថ្នាក់ជាតិ ក្រៅពីក្រុមឡើងពីពានថ្នាក់ខេត្ត គឺមានក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ១២ក្រុមកំពុងរង់ចាំស្រាប់៕