(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវជួយសម្រួលដល់ភាពងាយស្រួលជូនគណបក្សនយោបាយទាំងអស់ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន នាឱកាសបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នាគ្រាដែលសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថានប័នដែលមានការពាក់ព័ន្ធ ត្រូវបើកឱកាសសម្រាប់បណ្តាបក្សនយោបាយនានា ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ហើយបក្សនយោបាយមួយចំនួន បានចុះឈ្មោះបោះឆ្នោតរួចទៅហើយ ម្សិលមិញមានគណបក្សនយោបាយមួយមានឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានប្រកាសចូលរួមការបោះឆ្នោត»។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងមានគណបក្សនយោបាយ មួយចំនួនទៀត បានត្រៀមលុយរួមរាល់ហើយដាក់នៅក្នុងរតនាគារជាតិ ដែលមានចំនួនមិនតិចជាង១០គណបក្សនោះទេ។ ក៏ប៉ុន្តែក៏នៅមានគណបក្សនយោបាយមួយចំនួនដែលទើបតែបង្កើតឡើង គឺត្រូវការស្នាមមេដៃ ត្រូវការបញ្ជាក់នេះ ត្រូវការបញ្ជាក់នោះ ដើម្បីធ្វើឱ្យត្រូវតាមលក្ខខណ្ឌច្បាប់ជាមុនសិន។
ទទឹមនឹងនេះបុរសខ្លាំងកម្ពុជា បានបន្តបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយគ្រប់បណ្តាគណបក្សនយោបាយទាំងអស់ ដោយគ្មានការរើសអើងនោះឡើយ ទាំងនេះជាលំហនៃដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស របស់កម្ពុជា។ ដោយឡែកគណបក្សនយោបាយផ្សេងទៀត ដែលមានបំណងលើកស្លាកគណបក្សរបស់ខ្លួននៅជិតស្លាកគណបក្សប្រជាជនកម្ពុជា គឺអាចលើកបានក៏ប៉ុន្តែត្រូវធ្វើតាមនីតិវិធីច្បាប់ និងរដ្ឋាបាលទាំងនេះជាការដាក់ឱ្យអនុវត្តនូវសិទ្ធិដល់ទូលំទូលាយសម្រាប់ការជ្រើសរើស របស់ប្រជាជនកនម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតប្រជែងកាន់តែច្រើនរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតនៅអាណត្តិថ្មី គឺជាការបង្ហាញនូវលំហរប្រជាធិបតេយ្យនៅកម្ពុជា។ ប្រសិនបើមានតែគណបក្សប្រជាជនកម្ពុជា នោះប្រទេសកម្ពុជា មិនមែនជាប្រទេសប្រកាន់ របស់លទ្ធិប្រជាធបតេយ្យ សេរី ពហុបក្សនោះទេ ហើយគណបក្សមួយដែលងាប់ទៅ គឺដោយសារតែធ្វើខុសច្បាប់ហើយក្រុមមនុស្សមួយចំនួន ដែលតុលាការហាមឃាត់នូវសិទ្ធិធ្វើនយោបាយ គឺធ្វើតាមផ្លូវច្បាប់តែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់ការងាប់បក្សនយោបាយមួយ មិនបានធ្វើឱ្យងាប់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជានោះទេ៕