(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តបុប្ផាវត្តី ភូមិស្រែរលួស ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៣,៩៩៦នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះ បានពិនិត្យព្យាលបាលជំងឺកុមារ១៧២នាក់, ជំងឺស្រ្តី២៣១នាក់, ជំងឺផ្លូវចិត្ត១១២នាក់, ជំងឺឫសដូងបាត២៧៣នាក់, ជំងឺសន្លាក់ឆ្អឹង៩២នាក់, ជំងឺរលាកសួត៨៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៦នាក់, ជំងឺភ្នែក៩៦នាក់, ជំងឺសើរស្បែក៨៧នាក់, ជំងឺទឹកនោមផ្អែ៩១នាក់, ជំងឺមាត់ធ្មេញ១៧៨នាក់, អេកូសាស្ត្រ១៩២នាក់,ព្យាបាលរបួសនិងវះកាត់តូច៤៥ និងជំងឺទូទៅ២,២៦២នាក់ ។
ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។
អ្នកស្រី សៅ គឹម រស់នៅភូមិទួល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងមានជំងឺក្រពះបានបង្ហាញរីករាយនៅពេលដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកព្យាបាលជំងឺគាត់ និងអ្នកភូមិឯទៀតដោយឥតគិតថ្លៃ។ អ្នកស្រីបញ្ជាក់បន្ថែមថា «ចំណេញច្រើនណាស់ក្មួយ! ទាំងពេលវេលា និងលុយកាក់»។
ការអះអាងស្រដៀងគ្នា លោកតា ឡុញ សំអាន ដែលកំពុងមានជំងឺលើសឈាម និងឈឺក្រពះបានថ្លែងថា «នៅពេលដែលមានក្រុមគ្រូពេទ្យ ចុះមកព្យាបាលជំងឺចដោយឥតគិតថ្លៃបែបនេះ ចំណេញខ្លាំងណាស់ដល់ពួកខ្ញុំជាពិសេសលុយតែម្ដង»។ លោកតាបន្តថា ក្រៅពីចំណេញថវិកានោះ ប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋក៏មានពេលវេលាសម្រាប់ព្យាបាលជំងឺ ដោយមិនចាំបាច់ទៅដល់ភ្នំពេញ ព្រោះក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ផ្នែកបានដល់ទឹកដីនេះស្រាប់ហើយ។
ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្តែងការថ្លែងអំណរគុណ ដល់លោក ហ៊ុន ម៉ានី ដែលមានទឹកចិត្តសប្បុរសដោយបានបញ្ជូនក្រុមការងារគ្រូពេទ្យ មកព្យាបាល និងឲ្យថ្នាំពិសារមិនគិតប្រាក់ពីពួកគាត់ ជាងនេះទៅទៀតនោះពលរដ្ឋទាំង២រូបនោះ ក៏បានស្នើរដល់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក លេង ផាលី ឲ្យឧស្សាហ៍ចុះមកព្យាបាលដល់ស្រុករបស់ពួកគាត់ ទៅតាមដែលអាចធ្វើទៅបាន។
លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា ដំណើរចុះមកព្យាបាលជំងឺពលរដ្ឋដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺផងនោះ បានចូលរួមកាត់បន្ថយភាពក្រីក្រ សម្រាប់ពលរដ្ឋរស់នៅឃុំផុង ខេត្តកំពង់ស្ពឺនេះ។ ឃុំផុង ស្ថិតនៅក្នុងចំណោមឃុំផ្សេងទៀត ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅព្យាបាលជំងឺ ពលរដ្ឋជាលើកទី២ហើយ។
លោក ចាន់ តារា បន្តថា «ក្នុងចំណោមឃុំជាច្រើននៅខេត្តកំពង់ស្ពឺនេះ គឺពលរដ្ឋរស់នៅឃុំផុង ស្រុកបរសេដ្ឋ នេះហើយដែលមានពលរដ្ឋកើតមានជំងឺច្រើនជាងគេ ហើយជាអាការៈជំងឺទូទៅ»។
លោក ចាន់ តារា អះអាងទៀតថា ក្រៅពីស្ថានភាពជំងឺ ស្រុកបរសេដ្ឋ ក៏នៅមិនទាន់មានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់ដែរ ទើបនាំឲ្យពលរដ្ឋមានបញ្ហាសុខភាព។ ភាគច្រើនពលរដ្ឋគឺមានជំងឺទូទៅ។ លោកបន្តថា «ខ្ញុំសំណូមពរឲ្យពលរដ្ឋ យកចិត្តទុកថែទាំសុខភាពនៅក្នុងរដូវភ្លៀងធ្លាក់តាមរយៈការគេងក្នុងមុង ហូបស្អាត និងឧស្សាហ៍លាងដៃ»។
សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៤៤៥នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤០លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៨៩០៥៤នាក់ (ម្ភៃប្រាំបីម៉ឺន ប្រាំបួនពាន់ សូន្យរយ ហាសិបបួននាក់)។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕