(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៣,៩២១នាក់ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ បានថ្លែងកោតសរសើរ ពីការតស៊ូរបស់លោក ឡេង ណាវ៉ាត់ត្រា ដែលខំប្រឹងប្រែងតាំងពីធ្វើការងារជាពលករ នៅក្នុងប្រទេសកូរ៉េ រហូតក្លាយខ្លួនជាឧកញ៉ាទាំងវ័យក្មេង និងក្លាយជាម្ចាស់បុរីលក់ផ្ទះល្វែង ជាច្រើនល្វែងទៀតផង។
ទន្ទឹមនឹងការលើកឡើងជាច្រើន ពាក់ព័ន្ធនឹងការកសាងសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ទៅនឹងការជួញដូរ អចលនាទ្រព្យផ្នែកដីធ្លី នៅក្នុងប្រទេសកម្ពុជា ដោយក្នុងអាណត្តិកៀកនឹងជិតបោះឆ្នោត នៅប៉ុន្មានខែខាងមុខនេះ តម្លៃដីធ្លី មិនមានបញ្ហាធ្លាក់ថ្លៃ ដូចកាលពីអំឡុងមុនបោះឆ្នោត នាពេលកន្លងមក នោះទេ ដោយតម្លៃដីធ្លី នៅតែមានការកើនឡើងជាងមុន ក្រោយការបោះឆ្នោតបន្ថែមទៀត ដែលនេះ គឺជាស្ថានភាពវិជ្ជមានមួយ សម្រាប់ជំនួញដីធ្លី។
ជាមួយនឹងការលើកឡើង នូវភាពល្អប្រសើរក្នុងវិស័យដីធ្លីខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឧទាហរណ៍ ពីចាងហ្វាងផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា ដែលខិតខំប្រឹងប្រែងពីពលករ ធ្វើការនៅប្រទេសកូរ៉េ សន្សំថវិកាទិញបានដីធ្លី រហូតបានក្លាយទៅជា អ្នកជំនួញដ៏មានសមត្ថភាព និងអាចធ្វើជាម្ចាស់បុរី ដ៏ធំរាប់រយល្វែង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅតែមានការលើកសរសើរ ពីបុគ្គលជោគជ័យ លោក ឡេង ណាវ៉ាត់ត្រា ដែលមិនត្រឹមតែមានចិត្តអំណត់តស៊ូ ធ្វើការប៉ុណ្ណោះទេ ថែមទាំងមានទឹកចិត្ត ចូលរួមជួយកិច្ចការងារសប្បុរសធម៌ និងធ្លាប់ផ្ដល់ថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផង ដោយសម្ដេចនាយករដ្ឋមន្រ្ដី ពិតជាមានសេចក្ដីរំភើប រីករាយជាខ្លាំង ចំពោះទង្វើសប្បុរសធម៌ បានចូលរួមចំណែកជាផ្នែកមួយ ចូលរួមជួយសង្គមបនេះ។
ដោយឡែក ឆ្លើយតបទៅនឹងការកោតសរសើរ របស់សម្ដេចតេជោនាយករដ្ឋមន្រី្ដ លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិត Galaxy បានប្រាប់ឲ្យដឹងទាំងអារម្មណ៍រីករាយ និងរំភើប ថា លោកពិតជាមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលត្រូវបានប្រមុខដឹកនាំកំពូល គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ទទួលស្គាល់ពីការខិតខំប្រឹងប្រែង តស៊ូរបស់ខ្លួន ថែមទាំងលើកយកឈ្មោះរបស់លោក មកប្រកាសនៅក្នុងអង្គពិធីបែបនេះ ធ្វើឲ្យរូបលោក មានមោទនភាពជាខ្លាំង។
លោក ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ទៀតថា ការសរសើររបស់សម្ដេចនាយរដ្ឋមន្ត្រី គឺជាកម្លាំងចិត្តដ៏ធំក្នុងជីវិតរបស់ខ្លួនហើយ លោកនឹងបន្តចូលរួមចំណែក ក្នុងការវិនិយោគ លើគម្រោងបុរី ព្រមទាំងជួយដល់ការងារមនុស្សធម៌ ឲ្យកាន់តែច្រើនបន្ថែមទៀត។
យ៉ាងណាមិញ មកទល់នឹងពេលនេះ ម្ចាស់បុរីខាងលើ ត្រូវបានគេកត់សម្គាល់ឃើញថា លោកពិតជាទទួលបានជោគជ័យ ក្នុងគម្រោងសង់បុរីដាក់លក់នៅលើទីផ្សារពិតមែន ដោយក្នុងនោះ បានពង្រីកទីតាំង ពីមួយទៅមួយជាបន្តបន្ទាប់៕