(ភ្នំពេញ)៖ លោក ហាស់ វ៉ារី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំយកថវិកាជាង៥ម៉ឺនដុល្លារ ដើម្បីជួយដល់បងប្អូនខ្មែរឥស្លាម ជាង៨០០នាក់ មកពីភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក ហាស់ វ៉ារី បានបញ្ជាក់ឲ្យដឹងថា ថវិកាចំនួនជាង៥ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានយកទៅប្រើប្រាស់ ទិញដី១កន្លែង ទំហំ៣០០០ម៉ែត្រក្រឡា សំរាប់សង់រោងទុកឲ្យ បងប្អូនឥស្លាមប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។
ការប្រគល់ជូនថវិការបស់ លោក ហាស់ វ៉ារី បានធ្វើឡើងនៅក្នុង ពិធីជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរឥស្លាម ជាង៨០០នាក់ មកពី ភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពតវេលាព្រឹកថ្ងៃចន្ទ ទី០៧ឧសភា ឆ្នាំ២០១៨។ ពិធីជួបសំណេះសំណាលនោះ ក៏មានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចជាច្រើនរូបទៀត។
ជាមួយគ្នានោះលោក ហាស់ វ៉ារី ក៏បាននាំយកពាក្យផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ បងប្អូនខ្មែរឥស្លាម ជាង៨០០នាក់ នៅក្នុងខេត្តកំពតទាំងមូលផងដែរ។
ក្រៅពីការជួបសំណេះសំណាល លោក ហាស់ វ៉ារី បានចែកជូននូវអំណោយមួយចំនួន ជូនដល់បងប្អូនខ្មែរឥស្លាម មកពីឃុំរលួស និងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
កន្លងមកសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានសាសនា៣សំខាន់ រួមមាន៖ សាសនាព្រះពុទ្ធ ឥស្លាម និងគ្រីស្ទសាសនា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជំនឿខុសគ្នា នៃសាសនា មិនមែនជាឧបសគ្គសម្រាប់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ជាតិនោះទេ។ ដូចនេះ គ្មានឡើយការរើសអើងជាតិ សាសន៍ ពណ៌សំបុរ ទោះជាតិសាសន៍ណាក៏ដោយ ក៏អាចរស់នៅជាមួយគ្នា ដោយសុខសន្តិភាព បានដូចគ្នា៕