(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះពិនិត្យផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ បឋមសិក្សារច្បារ អំពៅ បឋមសិក្សាវាលស្បូវ ផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។
នៅក្នុងឱកាសចុះទៅពិនិត្យនំចំណី នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ មន្រ្តីកាំកុងត្រូល ក៏បានណែនាំអ្នកលក់ដូរឲ្យយល់ដឹងពីអនាម័យ និងបានបង្រៀនសិស្សឲ្យចេះមើល ពីរបៀបផលិតផលហួស កាលបរិច្ឆេទផងដែរ។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំង លក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង គូគ្រីវ ម្រះ ស្លឹក គូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។
បើតាមលោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ទោះបីការចុះអង្កេតទំនិញនៅផ្សារខាងលើ រកមិនឃើញមានផលិតផលម្ហូបអាហារណាមួយ មានសារធាតុគីមីហាមឃាត់ក៏ដោយ តែនេះជាសកម្មភាព ប្រចាំខែ ប្រចំាឆ្នាំ របស់អគ្គ នាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ ច្បាស់លាស់។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងទៀតថា ការរកមិនឃើញផលិតផលម្ហូបអាហារ ខូចគុណភាពខាងលើនេះ សបញ្ជាក់ថា អាជីវករយើងមានការយល់ដឹងខ្ពស់ ពីសុវត្តិភាព ម្ហូបអាហារក៏ដូចជាការការពារ សុខភាពរបស់ពួកគាត់ផងដែរ ៕