(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលចរាចរណ៍របស់លោក បានឃាត់រថយន្ត និងម៉ូតូ ចំនួន៧គ្រឿងបន្តទៀត ដែលបើកដោយជនជាតិចិន ដោយពួកគេគ្មានប័ណ្ណបើកបរ និងគ្មានពាក់មួកសុវត្ថិភាព។
លោកឧត្តមសេនីយ៍ស្នងការ បានប្រកាសចាត់វិធានការចំពោះបញ្ហានេះ កាន់តែខ្លាំងឡើង ជាពិសេស ក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត និងម៉ូតូទាំងអស់ដែលបានជួលឲ្យជនបរទេស មិនថា តែជនជាតិ ចិននោះទេ ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវតើ ពួកគេមានប័ណ្ណបើកបរត្រឹមត្រូវតាមច្បាប់ដែរឬទេ? បើបញ្ហានេះនៅតែបន្តកើតឡើងទៀតនោះ លោកស្នងការ នឹងចាត់វិធានការ តាមនីតិវិធីឲ្យបានតឹង រឹងបំផុត គោលបំណងរក្សាសណ្តាប់ធ្នាប់ និងការគោរពច្បាប់នៅលើទឹកដីខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០០៖១០នាទី ថ្ងៃចន្ទ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃ៧ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុចគោលដៅជិតវេទិកា៧មករា ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ចំនួន១២នាក់ ដឹកនាំដោយលោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ នឹងរថយន្តគ្មានផ្លាកលេខ ជាលទ្ធផល បានចំនួន០៧គ្រឿង រថយន្តចំនួន០៥គ្រឿង នឹងម៉ូតូចំនួន០២គ្រឿង មានដូចខាងក្រោម៖
*ទី១៖ រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2J-6036 បើកបរដោយជនជាតិចិន មានប័ណ្ណបើកបរមិនត្រឹមត្រូវ
*ទី២៖ រថយន្តម៉ាក HYUNDAI H1 ពណ៌ស គ្មានលេខ បើកបរដោយជនជាតិខ្មែរ
*ទី៣៖ រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2B-9665 បើកបរដោយជនជាតិចិន មានប័ណ្ណបើកបរមិនត្រឹមត្រូវ
*ទី៤៖ រថយន្តម៉ាក HYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 2A-8065 បើកបរដោយជនជាតិចិន មានប័ណ្ណបើកបរមិនត្រឹមត្រូវ
*ទី៥៖ រថយន្តម៉ាក KAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-7699 បើកបរដោយជនជាតិចិន មានប័ណ្ណបើកបរមិនត្រឹមត្រូវ
*ទី៦៖ ម៉ូតូម៉ាក AIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1E-4580 បើកបរដោយជនជាតិចិន គ្មានមួកសុវត្ថិភាព
*ទី៧៖ ម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 1AB-2399 បើកបរដោយជនជាតិចិន គ្មានមួយកសុវត្ថិភាព។
សម្រាប់វត្ថុតាងម៉ូតូ និងរថយន្តទាំងអស់ ត្រូវរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕