(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ មន្ត្រីរាជការទទួលបន្ទុកលទ្ធកម្មប្រមាណ ២០០នាក់ នៃក្រសួងស្ថាប័នចំនួន៤ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៨ ទទួលការបណ្តុះបណ្តាល ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងស្តីពី «វិធាន និងបទប្បញ្ញតិ្តស្តីពីលទ្ធកម្មសាធារណៈ» សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអមដោយថ្នាក់ដឹកនាំជាអនុរដ្ឋលេខាធិការមួយចំនួនទៀត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានរយៈពេល៣ថ្ងៃ សម្រាប់សិក្ខាកាមគោលដៅមកពីក្រសួងព្រះបរមរាជវាំង ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី និង គ្រឹះ ស្ថានសាធារណៈចំនួន៨ ដែលត្រូវចាប់ផ្តើមអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកានៅឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះលោក ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីក្រុមលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃអង្គភាពថវិការបស់ក្រសួងស្ថាប័នចំនួន៤ និងគ្រឹះស្ថានសាធារណៈចំនួន៨ ដើម្បីអាចអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយតម្លាភាព, គណនេយ្យភាព, ភាពយុត្តិធម៌, ប្រសិទ្ធភាព, សមភាព, ការសន្សំសំចៃ និងឆ្លើយតបទាន់ពេលវេលា ព្រមទាំងដើម្បីឲ្យក្រុមលទ្ធកម្មនិងអង្គភាពលទ្ធកម្មនៃអង្គភាពថវិកាមានសមត្ថភាពដឹកនាំផង និងអនុវត្តកិច្ចលទ្ធកម្មផង។ វិទ្យាសា្ថនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានសហការរៀបចំវគ្គបណ្តុះបណ្តាលនិងវិក្រឹតការជូនដល់មន្ត្រីអង្គភាពលទ្ធកម្មនិងក្រុមលទ្ធកម្មនៃអង្គភាពថវិកាទាំងនោះ ឱ្យកាន់តែយល់ច្បាស់អំពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ។
ថ្លែងក្នុងពិធីនោះលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។ កម្មវិធីកែទម្រង់នេះ មាន ៤ដំណាក់កាល និងត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ ដោយរាជរដ្ឋាភិបាលនៅឆ្នាំ២០០៤ ហើយសម្រេចបានសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ក្នុងការកសាង «ភាពជឿទុកចិត្តបាននៃថវិកា» នៅដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅដំណាក់កាលទី២។
បច្ចុប្បន្នការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងកំពុងមានវឌ្ឍនភាពដ៏ល្អឆ្ពោះទៅសម្រេចជោគជ័យជាស្ថាពរនៅឆ្នាំ២០២០ ជាមួយការបន្តអនុវត្តដំណាក់កាលទី៤ ក្នុងគោលដៅដើម្បីបង្កើន «គណនេយ្យភាពចំពោះសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ទន្ទឹមនេះលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ការគ្រប់គ្រងលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយនៃយន្ដការគ្រប់គ្រងប្រតិបត្តិការចំណាយថវិកា និងត្រូវបានកែទម្រង់ជាបណ្តើរៗ តាមផែនការសកម្មភាពរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗដូចជា ការកែលម្អក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ និងការអនុវត្តអនុក្រឹត្យនិងលិខិតបទដ្ឋានថ្មីៗ, ការបង្កើនភាពប្រកួតប្រជែង និងតម្លាភាពក្នុងដំណើរការលទ្ធកម្ម, ការកំណត់បន្ទាត់គណនេយ្យភាព, ការគ្រប់គ្រងកិច្ចសន្យាគម្រោង, គោលការណ៍ណែនាំសម្រាប់គ្រប់គ្រងគម្រោងសាធារណៈ និងការពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីលទ្ធកម្មជាដើម។ លទ្ធផលទាំងនេះ នឹងរួមចំណែកដ៏សំខាន់ដល់ការឈានទៅសម្រេចគោលដៅក្នុងការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ជាជំហានៗឆ្ពោះទៅកាន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តមានុវត្ត អន្តរជាតិ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថាក្នុងឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងធ្វើប្រតិភូកម្មសិទ្ធិអំណាច និងការទទួលខុសត្រូវនៃកិច្ចលទ្ធកម្មជាបណ្តើរៗថែមទៀត ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដោយពង្រឹងការការធ្វើសុខដុមនីយកម្មនៃកិច្ចលទ្ធកម្ម, ពង្រឹងតួនាទីនិយ័តករ និង ពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយជម្លោះ ហើយនិងឈានទៅអនុវត្តពេញលេញនៅឆ្នាំ ២០២៥ ស្របតាម «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥ » ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រការនេះនាំឲ្យមានតម្រូវការក្នុងការធ្វើសុក្រឹតការ និងវិក្រឹតការចំណេះដឹង និងជំនាញថែមទៀត ជូនមន្ត្រីរាជការ ដើម្បីឲ្យអាចឆ្លើយតបបានដោយសមស្រប និងគ្រប់គ្រាន់ទៅនឹងការវិវត្តន៍ថ្មីៗ ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ដ៏មានសារ:សំខាន់នេះ។
លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្តីពី «វិធាន និង បទប្បញ្ញតិ្តស្តីពីលទ្ធកម្មសាធារណៈ» នៅពេលនេះ នឹងជួយឲ្យក្រសួងស្ថាប័នទាំង៤ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលទាំង៨ខាងលើ ដែលត្រូវចូលរួមអនុវត្ត ថវិកាកម្មវិធីពេញលេញ ក្នុងឆ្នាំ២០១៨ នេះ ឈានទៅសម្រេចបានជោគជ័យជាផ្លែផ្កា តាមការគ្រោងទុក ព្រមទាំងអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព, សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។
ជាមួយនេះលោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យបន្តសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនិងវិក្រឹតការថែមទៀត ជូនដល់មន្រ្តីរាជការរបស់ក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលដទៃទៀត សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព៕