(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្មីៗនេះ បានធ្វើអន្តរាគម ជួយពលរដ្ឋខ្មែរសរុបចំនួន២១នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។
បើយោងតាមការប្រកាសរបស់ក្រសួងការបរទេសដែលសារព័ត៌មាន Fresh News ទទួលបានៅថ្ងៃនេះ បានឱ្យដឹងថា៖
ករណីទី១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច របស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១៥នាក់ (នារី១៤នាក់) មកពីខេត្តកណ្តាល កំពត ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងពោធិ៍សាត់ ដែលបានទៅធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ហើយពលករ-ពលការិនីទាំង១៥នាក់នោះ បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់នៅចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៨ ។
ករណីទី២៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៦នាក់ ដែលត្រូវបានមេខ្យល់ បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិ នៅប្រទេសចិន ហើយស្រ្តីរងគ្រោះទាំងនោះ មកពីខេត្តកណ្តាល កំពង់ចាម កោះកុង និងក្រចេះ ត្រូវបានមេខ្យល់នាំធ្វើដំណើរពីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ហើយបានទៅដល់អាកាសយានដ្ឋាន អន្តរជាតិ តាន់សឺនញឹត ទីក្រុងហូជីមិញ នៅយប់ថ្ងៃទី២៦ ខែមេសា បម្រុងបន្តដំណើរទៅប្រទេសចិន តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តតៃនិញ ប្រទេសវៀតណាម ជួយសង្រ្គោះទាន់ពេល។
ក្រសួងការបរទេស ក៏បានបញ្ជាក់ទៀតថា ចំពោះករណីទី២នេះ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ហើយជូនស្រ្តីខ្មែរទាំង៦នាក់នោះ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជាចាត់ចែងបន្ត៕