(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាល និងបំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកគាស់ក្រឡ ចំនួន៣៦៥នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានលើកឡើងពីការគិតគូរបស់ នាយឧត្តមសេនីយ៍ គន់ គីម ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ទាំងជីវភាព សុខភាព ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាក និងបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ផ្តល់ដីផ្ទះជូនដល់បងប្អូនដែលក្រីក្រ នៅតាមបណ្តាខេត្តទូទាំងប្រទេស ហើយក្រោយពីសម្តេចតេជោ បានទូលថ្វាយព្រះមហាក្សត្រ ឲ្យទ្រង់ព្រះរាជទានមេដាយការពារជាតិ ជូនអតីតយុទ្ធជន ទៅតាមអតីតភាពម្នាក់ៗ។
ក្នុងឱកាសនោះដែរ តំណាងនាយឧត្តមសេនីយ៍ គន់ គីម បានសុំអភ័យទោសអតីតយុទ្ធជននៅស្រុកគាស់ក្រឡ ដោយសារមានធុរៈទើប នាយឧត្តមសេនីយ៍ គន់ គីម មិនបានមកជួបផ្ទាល់ជាមួយបងប្អូនដោយផ្ទាល់។
ជាមួយនោះ លោក អ៊ុក ឃ្នួច ក៏បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសូមឲ្យបងប្អូនទាំងអស់បន្តគាំទ្រសម្តេច ជាបន្តទៀត តាមរយៈនៃការនាំក្រុមគ្រួសារទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំបន្តទៀត។
អតីតយុទ្ធជនដែលត្រូវបានបំពាក់មេដាយការពារក្នុងឱកាសនោះ បានថ្លែងថា «ពួកខ្ញុំមានក្តីរំភើបខ្លាំងណាស់ ដោយបានទទួលមេដាយការពារជាតិ នាពេលនេះ ហើយក៏មានចិត្តត្រេកអរមែនទែន។ យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ប្រធាន ដែលបានចាត់នាយឧត្តមសេនីយ៍ គន់ គីម មកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិដល់យើងខ្ញុំ»៕