(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លោក Laurent JABOEUF តំណាងសមាគមអន្តរជាតិអភិបាលក្រុងប្រើភាសាបារាំង (AIMF) បានជួបជាមួយលោក ម៉ប់ សារិន ប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ពិភាក្សាអំពីកិច្ចសហការរៀបចំគម្រោងសំណើរួមគ្នា ដើម្បីស្វែងរកការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ក្នុងគោលបំណងកសាងសមត្ថភាពសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបនៅសាលារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានជម្រាបជូនសមភាគីអំពីតម្រូវការលើការអនុវត្តការងាររបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តចំនួន២ធំៗរួមមាន៖១-ការបណ្ដុះបណ្ដាលជំនាញដល់សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី ខេត្ត និង២-ការលើកកម្ពស់សមភាពយេនឌ័រ។
ការបណ្ដុះបណ្ដាលជំនាញដល់សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវរៀបចំឡើងដោយប្រើប្រាស់មេរៀនចំនួន៤រៀបចំឡើង ក្រោមការគាំទ្រថវិកាពី EU-UNDP តាមរយៈគម្រោងលើកកកម្ពស់សេវារបស់សមាគមក្រុមប្រឹក្សា (ACES) ដែលបានបញ្ចប់កាលពីឆ្នាំ២០១៧។
មេរៀនទាំង៤នោះរួមមាន៖ ទី១៖ ការតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មី, ទី២៖ គោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គម, ទី៣៖ ការធ្វើផែនការ និងការតាមដានគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងទី៤៖ ការស្វែងរកការគាំទ្រមតិដោយសមាគមក្រុមប្រឹក្សា។
ជាកិច្ចឆ្លើយតបលោក Laurent JABEUF តំណាង AIMF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានសន្យានឹងចូលរួមសហការ និងជំរុញធ្វើយ៉ាងណាក៏គម្រោងស្នើសុំនេះសម្រេចបានជោគជ័យ៕