(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលរបស់លោក បានដឹកទឹកជាបន្តបន្ទាប់ជាង២០រថយន្ត ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅភូមិ ទីដែលរងគ្រោះដោយសារពុលទឹក ក្នុងឃុំកន្ទួត ស្រុកចិត្របុរី។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ យើងបានបញ្ជូនរថយន្តដឹកទឹកចំនួន២គ្រឿងទៀត (នៅកន្លែងកើតហេតុមានមួយគ្រឿង) យកទឹកចែកជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ដូច្នេះឡានទឹកទាំងអស់៣គ្រឿង ដោយបានដឹកទឹកចែកចាយពួកគាត់បានជាង២០ឡានហើយ សម្រាប់ឲ្យពួកគាត់យកទៅហូប និងប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈទឹកព្រែកដែលពួកគាត់ធ្លាប់ហូប និងប្រើប្រាស់កន្លងទៅនោះ ត្រូវហាមសិនទំរាំមានការស្រាវជ្រាវ និងអនុញ្ញាតឡើងវិញ»។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសង្ស័យ ពុលទឹកនៅខេត្តក្រចេះ បានកើនដល់១៣នាក់ហើយ ខណៈជនរងគ្រោះជាង២០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ។
ដោយឡែក ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ បញ្ជាក់អំពីមូលហេតុ នៃការពុលស្រា នៅក្នុងខេត្តក្រចេះ បន្ទាប់ពីក្រុមការងារសុខាភិបាល បានពិសោធន៍រួច។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ករណីពុលទឹក ក្រសួងកំពុងស្រាវជ្រាវ និងពិសោធន៍បន្តទៀត ហើយមូលហេតុពិតនៅមិនទាន់រកឃើញនៅឡើយ។ សម្រាប់លទ្ធផល នៃការពិសោធន៍ ត្រូវបានលោករដ្ឋមន្រ្តី ប្រាប់ថា នឹងចេញលទ្ធផលនៅថ្ងៃស្អែក។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់គោលដៅទាំង២ ដែលកើតហេតុនោះ លោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ន មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅប្រចាំការជាប់ ដើម្បីជួយអន្តរាគមន៍ដល់ជនរងគ្រោះ និងជួយដឹកមកកាន់មន្ទីរពេទ្យ នៅពេលមានជនរងគ្រោះផ្សេងទៀត។
ស្រ្តីម្នាក់នៅភូមិកើតហេតុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា ដើមឡើយមានជនរងគ្រោះម្នាក់ជាស្រ្តី មានអាការៈឈឺក្បាល វិលមុខ និងក្អួតចង្អោរ រហូតដល់ស្លាប់២ថ្ងៃក្រោយមក ហើយក៏បន្ទាប់មក ក៏មានពលរដ្ឋផ្សេងទៀត ចាប់ផ្តើមកើតបញ្ហានេះតែម្តង។
តាមព័ត៌មាននានា បានបង្ហាញថា ករណីនេះអាចបណ្តាលមកពីការពុលទឹកច្រើនជាងស្រា ដោយសារតែប្រជាពលរដ្ឋនៅក្នុងភូមិទាំង២ បានយកទឹកព្រែកទេ យកប្រើប្រាស់ ហើយទឹកព្រែកទេនោះ មានជាតិពុលដោយសារពលរដ្ឋខ្លួនឯង បានបាញ់ថ្នាំទៅលើដំណាំរបស់ពួកគាត់។ សម្រាប់ហេតុការណ៍នេះ មិនទាន់មានសត្វងាប់នោះទេ គឺរងគ្រោះតែមនុស្សប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកនេះ មន្រ្តីជំនាញជាច្រើនស្ថាប័ន សហការជាមួយអាជ្ញាធរខេត្តក្រចេះ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងខ្លាំង ដើម្បីរកមូលហេតុពិត។ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ត្រូវបានអាជ្ញាធរដឹកទឹកស្អាត និងទឹកសុទ្ធទៅឲ្យដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន៕