(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសផ្តល់ប្រាក់រង្វាន់ ១ពាន់ដុល្លារអាមេរិក ដល់កីឡាករប្រដាល់ ធឿន ធារ៉ា ដើម្បីលើកទឹកចិត្តតាមអ្វីដែលលោកធ្លាប់សន្យា ទោះបីជា ធឿន ធារ៉ា បានប្រកួតចាញ់កីឡាករថៃក៏ដោយ។
នៅលើបណ្តាញសង្គម Facebook របស់លោក តាំងពីយប់មិញ រហូតដល់ព្រឹកនេះ លោក ពេជ្រ ស្រស់ កំពុងរង់ចាំ អ្នកប្រដាល់ខ្មែរ ធឿន ធារ៉ា។ លោក បានលើកឡើងថា «ខ្ញុំរងចាំ ធឿន ធារ៉ា មកទទួលថវិការបស់ខ្ញុំផ្ទាល់ចំនួន ១០០០$ ដើម្បីជាការលើកទឹកចិត្ត ចាញ់ឬឈ្នះ ទុកមួយលែក សំខាន់គឺជាតិសាសន៍ខ្មែរ ដូចគ្នាត្រូវតែការពារគ្នា ទាំងផ្លូវចិត្តនិងផ្លូវកាយ»។
លោកក៏បានលើកឡើងដែរថា ចិត្តជាកីឡាហ៊ានទទួលយកការពិត ចាញ់គឺចាញ់កុំឲ្យ ដូចអ្នកនយោបាយមួយចំនួនហ៊ានចូលប្រកួតប្រជែង ប៉ុន្តែមិនហ៊ានទទួលយកភាពចាញ់ ថែមទាំងដើរបំពុល បរិយាកាស នៃការប្រកួតរបស់អ្នកដទៃទៀត។
សូមបញ្ជាក់ថា ធឿន ធារ៉ា ដែលជាកីឡាករប្រដាល់គុនខ្មែរដ៏លេចធ្លោ បានប្រកួតចាញ់កីឡាករថៃ Kitti ក្នុងទឹកទី២ ក្នុងសង្វៀន Max Muay Thai ប្រទេសថៃ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ៕