(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២ទៀតហើយ ដែលបានទៅកាន់ការិយាល័យរបស់ គ.ជ.ប យកទម្រង់ឯកសារបំពេញ និងគណបក្ស១បន្ថែមទៀត បានដាក់ប្រាក់តម្កល់១៥លានរៀល នៅរតនាគារជាតិ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាចុងខែកក្កដា ខាងមុខនេះ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានអះអាងប្រាប់ Fresh News នៅថ្ងៃនេះថា គណបក្សចំនួន២នោះ ដែលបានទៅយកទម្រង់ឯកសារទៅបំពេញ ពីគ.ជ.បនេះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សចលនាប្រជាធិបតេយ្យ ហើយគណបក្សមួយទៀត ដែលដាក់ប្រាក់តម្កល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតនោះ គឺគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
បើតាម លោក ឌឹម សុវណ្ណារុំ រហូតដល់ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២១ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៩ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត ខណៈដែលមានគណបក្សនយោបាយចំនួន៣ហើយ បានបញ្ចប់នីតិវិធីចុះឈ្មោះរបស់ខ្លួន។
គណបក្សនយោបាយចំនួន៣នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា៕