(ចិន)៖ លោក Liu Shaobin អគ្គនាយក នៃអគ្គនាយកដ្ឋាន សន្តិសុខក្រៅប្រទេស នៃក្រសួងការបរទេសចិន បានអះអាងជូនលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីជំហរឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថេរភាពសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃនេះ។
ការអះអាងនេះត្រូវបានធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្ពុជា-ចិន លើកទី៣ ស្តីពីបញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយ និងកិច្ចប្រជុំក្រុមការងារការពារសន្តិសុខនៃការអនុវត្តគំរោងខ្សែក្រវ៉ាត់និងផ្លូវ នៅខេត្តសៀមរាប ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨។
លោកអគ្គនាយក Liu Shaobin បានជម្រាបលោកទេសរដ្ឋមន្រ្តី ពីជំហររបស់រដ្ឋាភិបាលចិនយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងឆ្នាំ២០១៨នេះ ដែលជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះជំហរខាងលើនេះ របស់រដ្ឋាភិបាលចិន។ លោកទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ ដោយពេញចិត្តចំពោះការវិវត្តដ៏ល្អក្នុងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ពិសេសទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងខែមករា ឆ្នាំ២០១៨ ដែលក្នុងឱកាសនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន១៩ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
លោកទេសរដ្ឋមន្ត្រី បានជំរាបជូនគណៈប្រតិភូ អំពីគម្រោងទស្សនកិច្ច របស់លោកផ្ទាល់ទៅប្រទេសចិន ក្នុងអនាគតខាងមុខ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏បានវាយតំលៃខ្ពស់ ចំពោះការកើនឡើង នូវទុនវិនិយោគរបស់ចិន ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកទេសរដ្ឋមន្រ្តី និងលោកអគ្គនាយក ក៏បានពិភាក្សាគ្នាអំពីភាពចាំបាច់ នៃការបង្កើនកិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងការប្រឆាំងភេរវកម្ម ផងដែរ។
នៅក្នុងជំនួបនេះដែរ លោកទេសរដ្ឋមន្រ្តីបានជំរាបជូនគណៈប្រតិភូអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការត្រៀមរៀបចំការបោះឆ្នោតទូទៅនាខែកក្កដាខាងមុខ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានលក្ខណៈប្រជាធិបតេយ្យ ហើយបានគូសបញ្ជាក់អំពីការចូលរួម ប្រកួតប្រជែងរបស់គណបក្សនយោបាយជាច្រើន ក្នុងចំណោមនោះក៏មានគណបក្សដែលមាននិន្នាការប្រឆាំងមួយចំនួនផងដែរ។
លោកអគ្គនាយក Liu Shaobin បានជម្រាបលោកទេសរដ្ឋមន្រ្តី អំពីជំហររបស់ចិនគាំទ្រយ៉ាងពេញលេញចំពោះការបោះឆ្នោតទូទៅនៅកម្ពុជានាខែកក្កដាខាងមុខនេះ៕