(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា ត្រូវបានបញ្ជូនមកកាន់ផ្នែកវេចខ្ចប់ដើម្បីច្រកជាកំប៉ុង ដប ឬ ធុង មុននឹងបញ្ជូនទៅកាន់ទីផ្សារ។ ដើម្បីរក្សារគុណភាពស្រាបៀរមិនប្រែប្រួល មានអនាម័យ និងសុវត្ថិភាពក្នុងការទទួលទាន រោងចក្រស្រាបៀរកម្ពុជាប្រើប្រាស់ម៉ាស៊ីនវេចខ្ចប់ទំនើបចុងក្រោយ ប្រកបដោយស្ដង់ដារអន្តរជាតិ ក្នុងការច្រកស្រាបៀររបស់ខ្លួន។
ក្រោមការត្រួតពិនិត្យគុណភាពច្បាស់លាស់ពីផ្នែកមន្ទីរពិសោធន៍ បានអនុញ្ញាតឲ្យយកស្រាបៀរមកច្រកចូលក្នុងកំប៉ុង ក្នុងដប ឬធុងស្រាបៀរ ដែលភាសាសាមញ្ញថាបៀរថូរ ។
ម៉ាស៊ីនវេចខ្ចប់ដែលបំពាក់នៅផ្នែកវេចខ្ចប់ក្នុងរោងចក្រស្រាបៀរកម្ពុជា គឺត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones និង KHS របស់អាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនវេចខ្ចប់នាំមុខគេនៅក្នុងពិភពលោក។ ស្ទើរតែ៩០%ហើយនាំចូលពីប្រទេសអាល្លឺម៉ង់។ មានតែផ្នែកខ្លះនាំចូលពីសហគមន៍អឺរ៉ុប»។
តំណាងក្រុមហ៊ុនបានឲ្យដឹងថា «យើងហ៊ានវិនិយោគទៅលើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់សហគមន៍អឺរ៉ុប»។ «គុណភាពនៃម៉ាស៊ីនគឺធានាសុវត្ថិភាពទៅលើផលិតផលយើង១០០% គឺវាសុវត្ថិភាពទៅតាមស្ដង់ដារ»។
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងម៉ាស៊ីន បានមកដំឡើងម៉ាស៊ីនវេចខ្ចប់របស់ស្រាបៀរកម្ពុជាដោយផ្ទាល់ និងបាន បណ្ដុះបណ្ដាលអ្នកបច្ចេកទ្ទេសផ្នែកវេចខ្ចប់ក្នុងស្រុកនូវរបៀបបញ្ជាម៉ាស៊ីនស្វ័យប្រវត្តិទាំងនេះ។
ក្រៅពីស្ដង់ដារអឺរ៉ុប ម៉ាស៊ីនវេចខ្ចប់របស់ស្រាបៀរកម្ពុជាចេះត្រួតពិនិត្យទៅលើអនាម័យក្នុងពេលច្រកស្រាបៀរ។ ម៉ាស៊ីនបានធ្វើការលាងសម្អាតគ្រប់សម្បកវេចខ្ចប់ មិនថាកំប៉ុង ដប ឬធុងស្រាបៀរ។ ក្នុងករណីរកឃើញនូវសម្បកវេចខ្ចប់ណាមានជាប់ស្នាមប្រឡាក់ មិនស្អាត ធ្លុះ កំប៉ិត បែក ឬប្រេះស្រាំ ម៉ាស៊ីនដ៏ទំនើបនេះនឹងច្រានសម្បកវេចខ្ចប់នោះចោល។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា «បើយើងនិយាយពីអនាម័យ វាសំខាន់បំផុតសម្រាប់ឧស្សាហកម្មផលិតចំណីអាហារ។ មនុស្សទូទៅគាត់ខ្វល់ខ្វាយអំពីអនាម័យគឺត្រឹមត្រូវ ព្រោះកន្លែងខ្លះមិនយកចិត្តទុកដាក់រឿងអនាម័យ។ ចំណែករោងចក្រស្រាបៀរកម្ពុជាយើង យើងផ្ដោតសំខាន់បំផុតទៅលើអនាម័យ។ បុគ្គលិកយើងម្នាក់ៗ មុននឹងចូលមកធ្វើការនៅទីនេះ គឺយើងតែងតែណែនាំគាត់ គឺចំណុចទីមួយ សុវត្ថិភាព បន្ទាប់ពីសុវត្ថិភាព គឺអនាម័យលើផលិតផលរបស់យើងតែម្ដង»។
ទំនើបកម្មមួយទៀតនៃម៉ាស៊ីនវេចខ្ចប់របស់ស្រាបៀរកម្ពុជាគឺការច្រកស្រាបៀរចូលទៅក្នុងកំប៉ុង ដប និងធុងស្រាបៀរបានគ្រប់ចំណុះ។ បើដប កំប៉ុង ឬធុងដែលច្រកមិនគ្រប់ចំណុះ ម៉ាស៊ីននឹងធ្វើការច្រានចោល។ ហើយពេលនាំយកស្រាបៀរដែលច្រកជាកំប៉ុង ឬដបរួចទៅវេចខ្ចប់បញ្ចូលទៅក្នុងកេះ លុះត្រាតែគ្រប់ចំនួន ទើបម៉ាស៊ីនអនុញ្ញាតឲ្យយកមកលក់នៅលើទីផ្សារ។
ម៉ាស៊ីនវេចខ្ចប់នេះក៏ដើរតួនាទីសំខាន់មួយទៀត គឺធ្វើការកត់ត្រាលើសម្បកកំប៉ុង ឬដបនូវរយៈពេលនៃសុពលភាពរបស់គុណភាពស្រាបៀរ។ រាល់កំប៉ុង ឬដបណាមិនមានការកត់ត្រា ម៉ាស៊ីនវេចខ្ចប់នឹងធ្វើការច្រានចោល មិនអនុញ្ញាតឲ្យយកមកចែកចាយនៅលើទីផ្សារឡើយ។
ម៉ាស៊ីនវេចខ្ចប់ដ៏ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយនេះអាចច្រកស្រាបៀរបានប្រាំលានហិកតូលីត្រក្នុងមួយឆ្នាំ៕