(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបែងចែករមណីយដ្ឋានឆ្នេរសមុទ្រជា៥ប្រភេទ រួមមាន៖ ឆ្នេរអភិរក្សស្នូល ឆ្នេរអេកូទេសចរណ៍ ឆ្នេរកម្សាន្តពិសេស ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ និងឆ្នេរកម្សាន្តសាធារណៈកម្រិតមធ្យម។
ការថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងមានការចូលរួមពីអភិបាលខេត្តតំបន់ ឆ្នេរទាំង៤ រួមនឹងមន្ទីរពាក់ព័ន្ធក្នុងខេត្តជាប់សមុទ្រទាំង៤រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។
លោករដ្ឋមន្ត្រី បានលើកឡើងពីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តថា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើឱ្យក្រសួងទេសចរណ៍រៀបចំអេកូឡាបិលឆ្នេរ ដើម្បីធានាឱ្យសកម្មភាពទេសចរណ៍នៅតាមបណ្តោយឆ្នេរសមុទ្រ គោរពតាមបទដ្ឋានបរិស្ថាន សំដៅធានាឲ្យឆ្នេរសមុទ្រកម្ពុជាកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់អំពីទស្សនទានបៃតងនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់បែងចែករមណីយដ្ឋានឆ្នេរសមុទ្រកម្ពុជា ៥ប្រភេទ៖ ឆ្នេរអភិរក្សស្នូល (Conversation Beach), ឆ្នេរអេកូទេសចរណ៍ (Eco-Beach), ឆ្នេរកម្សាន្តពិសេស (Luxury Beach), ឆ្នេរកម្សាន្តសាធារណៈកម្រិតខ្ពស់ (Leisure Popular Beach) និងឆ្នេរកម្សាន្តសាធារណៈកម្រិតមធ្យម (Local Beach)»។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥.៦លាននាក់ កើន ១១.៨% និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១.១លាននាក់ កើន១១%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥។
នៅឆ្នាំ២០៣០ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់ ជាមួយនឹងការផ្តល់ចំណូលប្រមាណ ១០ពាន់លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ ២លាននាក់ និងដោយប្រយោលរាប់លាននាក់បន្ថែមទៀត។
ដោយឡែក ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន ១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។
តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់៕