(កំពង់ចាម)៖ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិន អញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ស្រុកកោះសូទិន ចំនួន១៥៦នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
ក្នុងពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តកំពង់ចាម លោកប្រធានគណបក្សស្រុក លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន ការិយាល័យ អង្គភាព ជុំវិញសាលាស្រុក និងមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធស្រុក ទាំង៣ មេឃុំ នាយប៉ុស្តិ៍ទូទាំងស្រុក។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំកម្ពុជាដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ មានសុខសន្តិភាព ដោយសម្តេចបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូលជាធំ។ ជាពិសេស បន្ទាប់ពីបានតស៊ូរំដោះប្រទេសឲ្យរួចផុត ពីរបបកាប់សម្លាប់របស់ បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនោះ សម្តេចបានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត ក្នុងការបញ្ចប់ភ្លើងសង្គ្រាម ស្វែងរកសុខសន្តិភាពសម្រាប់ជាតិ និងបានអភិវឌ្ឍន៍ជាតិមាតុភូមិ ឲ្យបានរីកចម្រើនគ្រប់វិស័យដូចពេលបច្ចុប្បន្ន។
លោកក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជន យើងត្រូវជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់យើង ព្រោះសម្តេច បានតម្កល់ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយគ្រប់ពេលវេលាទាំងអស់ គឺបានប្រឹងប្រែងអភិវឌ្ឍន៍ជាតិយើងឲ្យបានរីកចម្រើន និងជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនអតីតយុទ្ធជន របស់យើងផងឲ្យមានភាពល្អប្រសើរ។ សម្តេច គឺជារដ្ឋបុរស គឺជាកុលបុត្រខ្មែរ ដែលពលីកម្មសព្វបែបយ៉ាងដើម្បីជាតិរបស់យើង ដូច្នេះយើងត្រូវតែជឿជាក់ និងត្រូវតែគាំទ្រសម្តេចនាយករដ្ឋមន្ត្រី របស់យើង។
ក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ បាននាំយកនូវថវិកាសម្ដេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលបានចូលរួមក្នុងម្នាក់ៗថវិកា ៥០,០០០រៀលផងដែរ៕