(សៀមរាប)៖ នៅព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអាវុធគីមី បានបើកសិក្ខាសាលាថ្នាក់តំបន់អាស៊ី ស្តីអំពីការអនុវត្តអនុសញ្ញាអាវុធគីមី និងការគ្រប់គ្រងសន្តិសុខ និងសុវត្តិភាពគីមី សម្រាប់រដ្ឋជាសមាជិក នៃអនុសញ្ញាអាវុធគីមី ក្នុងតំបន់អាស៊ី។
ក្រោមអធិបតីភាព លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ និងតំណាងអង្គការ OPCW លោក Rohan Perera។ សិក្ខាសាលានេះ នឹងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់០៩ ខែឧសភា ឆ្នាំ២០១៨។
កម្មវីធីនេះនឹងមានការធ្វើបទបង្ហាញ ទាក់ទងនឹងការគ្រប់គ្រងនាំចេញ និងនាំចូលនៃទំនិញគីមី ទាក់ទងនឹងការបង្កើតក្របខណ្ឌជាតិ ដើម្បីគ្រប់គ្រងហានិភ័យ ដែលប៉ះពាល់ដល់សន្តិសុខ និងសុវត្តិភាព និងមានការធ្វើបទបង្ហាញជាច្រើនផ្សេងៗទៀត ពីសំណាក់ប្រទេ សដែលជាសមាជិកក្នុងការចូលរួម។
ដោយឡែក នៅចុងបញ្ចប់នៃកម្មវិធីនេះ និងមានការថ្លែងសុន្ទរកថា បិទសិក្ខាសាលា ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី៕