Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូទៅទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងលីជាំង ខេត្តយូណាន

07-05-2018 10:43

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូខេត្តព្រះវិហារ ធ្វើដំណើរទៅទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចងសម្ព័ន្ធ មេត្រីភាព រវាងខេត្តព្រះវិហារ និងទីក្រុងលីជាំង ខេត្តយូណាន ប្រទេសចិន នាវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រីសាលាខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៃកម្ពុជា ដើម្បីឲ្យខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះវិហារកម្ពុជា និងទីក្រុងលីជាំង ខេត្តយូណាន ប្រទេសចិននោះ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុន ចាន់ដា បានដឹកនាំប្រតិភូខេត្តព្រះវិហារ ចំនួន៧រូប ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះឆ្ពោះ ទៅកាន់ទីក្រុងលីជាំងតែម្តង។

មន្ត្រីសាលាខេត្តដដែល បានឲ្យដឹងទៀតថា តាមពិតកម្មវិធីដំណើរទស្សនកិច្ច និងចុះហត្ថលេខចងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះវិហារ និងទីក្រុងលីជាំងនេះ គ្រោងធ្វើឡើងតាំងពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ តែដោយភាគីទីក្រុងលីជាំង ជាប់រវល់ក៏បានលើកពេល មកដល់ឆ្នាំ២០១៨នេះវិញ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូខេត្តព្រះវិហារ ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ ហើយការចុះហត្ថ លេខា លើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះវិហារកម្ពុជា និងទីក្រុងលីជាំងប្រទេសចិននេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការយ៉ាងជិតស្និទជាមួយគ្នា ក្នុងទិសដៅលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការវិនិយោគទុនផ្សេងៗជាមួយគ្នា៕