(ពោធិ៍សាត់)៖ នៅខែពិសាខជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្ត និងមន្រ្តីអ្នកមុខអ្នកការនៅក្នុងខេត្ត បានរៀបចំពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មិនដែលអាក់ខានម្តងណាឡើយ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។
គេសង្កេតឃើញថា ឆ្នាំនេះ ពិធីបុណ្យឡើងរោង មានបូកបន្ថែមពិធីឆ្លងដងទង់ និងឆ្លងព្រហ្មមុខបួន ដោយធ្វើឡើងនៅថ្ងៃសៅរ៏-អាទិត្យ ៥-៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០១៨ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងបានការចូលរួមពីក្រុមគ្រួសារ សមាជិកាសាខាសមាគមនារី និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តយ៉ាងច្រើនកុះករ។
លោកសាស្ត្រាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានរាយការណ៍ពីការកសាង និងការអភិវឌ្ឍន៍ ដោយបានជម្រាបជូន អំពីប្រាក់ចំណូល និងចំណាយ សម្រាប់ធ្វើការរៀបចំកសាងកែលម្អរ បូជនីយដ្ឋានប្រវត្តិសាស្ត្រនេះ។
លោកបានឲ្យដឹងថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ក្នុងគោលបំណងសុំសេចក្តី សុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការ ដល់សង្គមជាតិ និងក្រុមគ្រួសារ។
បើតាមតំណាលរឿងព្រេង លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយចោរសៀម ការពារទឹកដី។ រូបរាងកាយលោកឧកញ៉ា និងជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចជា ទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឲ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយ៕