(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងថា មានសន្តិភាព និងស្ថេរភាពនយោបាយ ទើបយើងទទួលបានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។
ការថ្លែងបែបនេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាលាឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាកសាងឡើងដោយ លោក យិត ស៊ុនណារ៉ា និងលោក តែម ម៉ឺន ប្រធានក្រុមការងារ ចុះជួយឃុំមេសថ្ងក ស្រុកចន្ទ្រា ចំណាយថវិកាជាង៣ម៉ឺនដុល្លារ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត២ពាន់នាក់ ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ។
បើតាមនាយឧត្តមសេនីយ៍ ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ តែក្នុងរយៈពេល៣៩ឆ្នាំ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើនទាំងក្នុង កម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបាន ផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
នាយឧត្តមសេនីយ៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈ ឲ្យបានរហ័សនៅក្នុងមូលដ្ឋាន។ បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផល ដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ និងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តការងារអភិវឌ្ឍ ឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ ក្រុមការងារគណៈពង្រឹងរបស់លោក ម៉ឹង សំផន ជាប្រធានក្រុមការងារ ធ្វើមូលដ្ឋានស្រុកចន្ទ្រា ចាប់ផ្តើមកសាងសាលាឃុំ ជាបន្តបន្ទាប់ និងបំពាក់ សម្ភារៈល្អៗ ដើម្បីបំរើការងាររដ្ឋបាល តាមឃុំនីមួយៗ ឲ្យបានឆាប់រហ័ស ជាពិសេសសេវាសាធារណៈ មិនតែប៉ុណ្ណោះ ផ្លូវគមនាគមន៍ ក៏បានធ្វើជាបណ្តើរៗ ទាំងផ្លូវក្រាលខ្សាច់ភ្នំ និងចាក់កៅស៊ូ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលបានយ៉ាងងាយស្រួល។ នៅក្នុងឱកាសនោះ ក៏មានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំកម្លាំងផងដែរ៕