(ភ្នំពេញ)៖ ការប្រកួតបាល់ទាល់ រវាងក្រុមតារាៗដែលត្រូវគេស្គាល់ថាជាក្រុមបាល់ទាត់មហាហង្ស និងក្រុមបាល់ទាត់ Cambodia Airports កាលពីល្ងាចថ្ងៃទី៦ ឧសភា បើទោះជាការប្រកួតមិត្តភាពដើម្បីសាកកម្លាំង ប៉ុន្តែគេកត់សម្គាល់ថា មានការកត់សម្គាល់គួរសម ដោយសារតែក្រុមទាំងពីរមិនធ្លាប់ប៉ះគ្នា ហើយក្រុមមួយទៀតត្រូវគេស្គាល់ថា បានបង្កើតឡើងយូរមកហើយ ដោយមានទាំងប្រវត្តិប្រកួតស៊ីក្រុមពាក់កណ្ដាលអាជីពរាប់មិនអស់ផង។
ការប្រកួតដែលបានធ្វើឡើងនៅកណ្ដាលភ្លៀងរលឹមនៅទៅទីលានវេស្ទើនមួយនេះ ត្រូវគេឃើញមានភាពស្វិតស្វាញ មិនខុសពីការប្រកួតរវាងក្រុមពាក់កណ្ដាលអាជីព និងក្រុមពាក់កណ្ដាលអាជីពប៉ុន្មានទេ ដោយសារតែក្រុមទាំងពីរបានបញ្ចេញថ្វីជើងដាក់គ្នាទៅវិញទៅមក ហើយធ្វើអោយការប្រកួតទាំងមូលទាក់ភ្នែកអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រក្រុមតារាៗដែលជាកីឡាករនៅក្នុងពេលនោះ។
ការប្រកួតលាយលំដោយដំណក់ទឹកភ្នែក បានធ្វើអោយក្រុមមហាហង្សរងការអាម៉ាស់យ៉ាងខ្លាំងនៅតង់ទី១ ដោយសារតែក្រុម Cambodia Airports បានក្រុមដល់លទ្ធផល៤ ទល់៣ ហើយបានទាំងស្រែកហោកញ្ជ្រៀវយ៉ាងកងរំពង មិនខុសពីសើចចំអកដល់ក្រុមតារាៗនោះផង។
លោក អ៊ិន សុភិន ជាមេក្រុម ត្រូវគេឃើញឆ្ការដៃឆ្ការជើងនឹងការបរាជ័យនៅក្នុងពេលនោះយ៉ាងខ្លាំង ខណៈដែលលោក និងក្រុមបច្ចេកទេស បានចាត់ចែងភ្លាម ក្នុងការរៀបចំក្រឡាលេងជាថ្មីនៅតង់ទី២។ ជាលទ្ធផល ក្រុមបាល់ទាត់មហាហង្ស រកបានដល់ទៅ៥គ្រាប់ក្នុងតង់ទី២ ក្នុងពេលដែលគូប្រកួតមួយក្រុមទៀតទោះជាប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក៏រកបានតែមួយគ្រាប់បន្ថែមពីលើគ្រប់ចាស់ក្នុងតង់ទី១។
លោក អ៊ិន សុភិន និយាយថាក្រោយចាញ់ក្នុងតង់ទី១ លោកមានការភ័យបារម្ភយ៉ាងខ្លាំង ដោយសារតែក្រុម Cambodia Airports គឺក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមពាក់កណ្ដាលអាជីពដែលលោកធ្លាប់ជួបប្រកួត។ លោកថាក្រឡាលេងក្នុងតង់ទី១ បើទោះជាដាក់សមាសភាពតារាៗដែលមានជើងល្អ ក៏មិនអាចទៅរួចជាមួយគូប្រកួតនោះដែរ ទើបលោកយល់ថាបើកុំតែរៀបក្រឡាលេងថ្មី ប្រហែលជាមិនអាចរក៥គ្រាប់ក្នុងតង់ទី២បានទេ។ បញ្ចប់ការប្រកួតជាមួយលទ្ធផល ៨ ទល់៥ ជាមួយក្រុមខ្លាំង Cambodia Airports ដែលជាក្រុមហ៊ុនបម្រើសេវាអាកាសចរណ៍ធំនៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប។ លោកក៏ត្រៀមខ្លួនអោយក្រុមមួយនេះ ជួបប្រកួតសងសឹកផងដែរក្នុងពេលដ៏ខ្លី៕