(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ស្ថានភាពផ្លូវជាតិលេខ៣នាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់នូវការរីកចម្រើនរបស់ប្រទេសជាតិបានទេ ទើបតម្រូវឲ្យមានការពង្រីក និងលើកកម្រិតគុណភាពឲ្យប្រសើរជាងពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយតារារះនាភាគនិរតីរួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹងជាខេត្តមានស្តានុពលទេសចេរណ៍តំបន់ឆ្នេរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញពីខេត្តកំពតផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រឹមរយៈពេលប៉ុន្មានខែចុងក្រោយនេះសមិទ្ធផលក្រោមជំនួយ និងកម្ចីរបស់ចិនជាច្រើនត្រូវបានសម្ពោធ និងបើកការដ្ឋានជាបន្តបន្ទាប់ ហើយនៅមានការដ្ឋានជាច្រើនទៀតត្រូវធ្វើបន្ត។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ពេលសម្តេចទៅស្រុកចិន មិនបានសុំជំនួយមកបង្ហើយផ្ទះបាយរបស់សម្តេចនោះឡើយ តែជាការសុំជំនួយ និងកម្ចីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណាត់ផ្លូវជាតិនេះត្បិតតែចំណាយសាងសង់រហូតដល់៤ឆ្នាំ តែផ្លូវនេះមានគុណភាពខ្ពស់។ បើទោះបីផ្លូវនេះមានកម្រិតគុណភាពរឹងមាំយ៉ាងណាក្តី តែសម្តេចតេជោ បានអំពាវនាវមិនឲ្យមានការដឹកលើសទម្ងន់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាពីដើមក៏រីកចម្រើនណាស់ដែរ តែត្រូវបំផ្លាញដោយសារភ្លើងសង្គ្រាម។ បច្ចុប្បន្នត្រូវបានស្តារឡើងវិញ និងកំពុងខិតខំបន្តទៀត ដើម្បីជំរុញការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
* ទោះបីជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាល បានរំលឹកប្រជាពលរដ្ឋឲ្យប្រឹងប្រែងរួមគ្នារក្សានូវសុខសន្តិភាពនេះ ដើម្បីជាឱកាសអភិវឌ្ឍន៍ជាតិ ព្រោះថា ការអភិវឌ្ឍជាតិមិនអាចកើតមាននៅក្នុងប្រទេសមានភ្លើងសង្គ្រាមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់ ដែលត្រូវរងការរំខានដោយសារសាងសង់កំណាត់ផ្លូវជាតិនេះ។ តែវានឹងទទួលបានផលប្រយោជន៍មកវិញ នៅពេលផ្លូវត្រូវសាងសង់រួចរាល់។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង និងខិតខំក្នុងការសន្សំប្រាក់ ដើម្បីដោះស្រាយបញ្ហាប្រាក់ខែមន្ត្រីរាជការ និងតាមមន្ទីរពេទ្យនានា ព្រមទាំងការវិនិយោគខ្លួនឯងក្នុងការសាងសង់ផ្លូវ ប្រឡាយទឹក មន្ទីរពេទ្យ និងសាលារៀនជាដើម ដោយមិនត្រូវចំថវិកាបរទេសទាំងអស់។ មួយវិញទៀតសន្សំដើម្បីយកថវិកាទៅ ដោះស្រាយគោលនយោបាយប៉ះពាល់នៅពេលសាងសង់ផ្លូវផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា ម្តាយរបស់សម្តេចសក់មួយសរសៃច្នៃជា១០ដើម្បីចិញ្ចឹមកូនៗ តែសម្រាប់សម្តេចវិញសក់មួយសរសៃច្នៃជា ១ពាន់ ដើម្បីអាចដោះស្រាយបញ្ហាជាតិបាន។
* សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសថា សម្តេចមិនទាន់ទៅណានោះទេ គឺនៅតែបន្តរួមរស់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹកនាំប្រទេសនេះឲ្យកាន់តែរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនមានវិបត្តិដូចមនុស្សមួយក្រុមតូចលើកឡើងនោះទេ ព្រោះប្រជាពលរដ្ឋនៅតែធ្វើការ និងប្រកបមុខរបរជាប្រក្រតីភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរចិនថា និយាយតិច តែធ្វើច្រើន ហើយបើគម្រោងសាងសង់វិញ ដាក់រយៈពេលវែង តែពេលធ្វើគឺលឿនជាងពេលកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការដែលពលរដ្ឋចិនមានច្រើននៅកម្ពុជា ព្រោះតែគម្រោងវិនិយោគរបស់ចិន និងការសាងសង់របស់ចិននៅកម្ពុជាមានច្រើន។ សម្តេចតេជោថា ប្រទេសដទៃបើចង់មានពលរដ្ឋនៅកម្ពុជាច្រើនត្រូវបង្កើនការវិនិយោគ និងធ្វើការដ្ឋានឲ្យច្រើននៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសខ្លះរិះគន់សម្តេចស្និទ្ធជាមួយចិន តែការស្និទ្ធនេះដោយសារសម្តេចធ្វើការជាមួយចិនស្រួល។
* សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរទាំងអស់សម្រួលភាពងាយស្រួលដល់គណបក្សនយោបាយទាំងអស់ ក្នុងការធ្វើសកម្មភាពនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកដល់អាជ្ញាធរសម្រួលដល់ការលើកស្លាករបស់គណបក្សនយោបាយផ្សេងៗផងដែរ។ សម្តេចតេជោថា កន្លែងណាដែលបក្សប្រជាជនកម្ពុជាលើកស្លាកបាន បក្សផ្សេងក៏អាចលើកស្លាកបានដែរ។
* សម្តេចតេជោ បានហៅការចូលរួមប្រកួតប្រជែងកាន់តែច្រើនរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅអាណត្តិថ្មី គឺជាការបង្ហាញនូវលំហរប្រជាធិបតេយ្យនៅកម្ពុជា។
* TOP NEWS: សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា បក្សនយោបាយត្រូវបានរំលាយ មិនមែនមានន័យថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់នោះឡើយ។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអតីតមេដឹកនាំអតីតបក្សសង្គ្រោះជាតិថា តើប្រទេសណាមួយជាសហគមន៍អន្តរជាតិ ដែលនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឬ ដាក់សម្ពាធលើកម្ពុជានោះ?
* ពាក់ព័ន្ធការលើកឡើងរបស់ក្រុមអ្នកនយោបាយបាត់សិទ្ធិធ្វើនយោបាយថា អង្គការសហប្រជាជាតិនឹងដកអាសនៈពីអង្គការសហប្រជាជាតិនោះ សម្តេចតេជោ បានបញ្ជាក់ថា អង្គការសហប្រជាជាតិនៅតែត្រូវការកម្ពុជាបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងដែរថា បក្សនយោបាយខ្លះងាប់ តែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនស្លាប់នោះឡើយ ការបោះឆ្នោតនៅតែមានតាមកាលកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋនៅតែបន្តគាំទ្រគណបក្សប្រជាជន គាំទ្រសម្តេចជានាយករដ្ឋមន្ត្រី។ សម្តេចបន្ថែមថា ក្រោយការបោះឆ្នោតសម្តេចនឹងអញ្ជើញចូលរួមពិព័រណ៍នៅទីក្រុងណាននីង ប្រទេសចិន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋាន និងបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០៤នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News & Radio.