(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ បញ្ជាក់អំពីមូលហេតុ នៃការពុលស្រា នៅក្នុងខេត្តក្រចេះ បន្ទាប់ពីក្រុមការងារសុខាភិបាលបានពិសោធន៍រួច។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ករណីពុលទឹក ក្រសួងកំពុងស្រាវជ្រាវ និងពិសោធន៍បន្តទៀត ហើយមូលហេតុពិតនៅមិនទាន់រកឃើញនៅឡើយ។

បើតាមក្រសួងសុខាភិបាល ករណីពុលស្រា នៅខេត្តក្រចេះនេះ ដោយសារតែនៅក្នុងស្រានោះ មានផ្ទុកជាតិមេតាណុលខ្ពស់ខ្លាំងពេក ដែលធ្វើឱ្យពុលតែម្តង។ ដោយឡែកការវិភាគសំណាកទឹកដែលផ្ញើមកពីភូមិពាក់ព័ន្ធ ពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ។

សេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលនេះ នៅខេត្តក្រចេះមានករណីពុលទឹក និងស្រា ជាបន្តបន្ទាប់ បណ្តាលឱ្យមានមនុស្សស្លាប់១១នាក់ និង១៤៩នាក់ផ្សេងទៀតរងរបួស។

ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាមុននេះបន្តិច​នាព្រឹកថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសង្ស័យពុលទឹកនៅខេត្តក្រចេះ បានកើនដល់១៣នាក់ហើយ ខណៈជនរងគ្រោះជាង២០០នាក់ទៀត កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

សូមអានជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖