(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ តុលាការកំពូល បានចាប់ផ្តើមបើកសវនាការជំនុំជម្រះ លើសំណុំប្តឹងប្រឆាំងនឹង ការពន្យារពេលឃុំខ្លួន លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែសវនការនេះ នឹងមិនមានវត្តមានជន ត្រូវចោទនោះទេ។
លោកផែង ហេង មេធាវីជនត្រូវចោទកឹម សុខា បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា សវនាការនេះគឺបណ្តឹងប្រឆាំងនឹងដីកាពន្យារពេល នៃការឃុំខ្លួនជនត្រូវចោទ កឹម សុខា ដោយមានលោកឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
មន្ត្រីតុលាការកំពូល បានថ្លែងឱ្យដឹងថា តុលាការពុំបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទកឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកចូលរួមសវនាការទេ ដោយសារសវនាការនេះ ជារឿងមុនអង្គសេចក្តី ដូច្នេះពុំមានវត្តមានជនត្រូវចោទ ក៏ដំណើរការបានដែរ គ្មានខុសនីតិវិធីឡើយ ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
តុលាការក្រុងភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមសារអេឡិចត្រូនិចតេឡេក្រាថា ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រមស៊ើបសួរយល់ថា ដោយសារមានភាពចាំបាច់៕