(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាមុននេះបន្តិច គិតត្រឹមវេលាម៉ោងជាង៨ នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ក្នុងនោះមានស្រីចំនួន៦នាក់
ខណ:ជនរងគ្រោះចំនួន១៥១នាក់ទៀត ក្នុងនោះស្រី៧៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត រួមជាមួយស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ទីដែលកើតហេតុផ្ទាល់ ដោយបាននាំទឹកស្អាត និងគ្រឿងបរិភោគដ៏ច្រើនផងដែរ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងពលរដ្ឋរងគ្រោះនៅ២គោលដៅនោះ លោកអភិបាលខេត្តបានចុះមកពិនិត្យផ្ទាល់ជនរងគ្រោះដែលកំពុងសម្រាក និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយបានឧបត្ថម្ភថវិកាជូនផងដែរ។
សម្រាប់គោលដៅទាំង២នោះលោកអភិបាលខេត្ត បានចាត់ឲ្យកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ន នៅប្រចាំការជាប់ ដើម្បីជួយអន្តរាគមន៍ដល់ជនរងគ្រោះ និងជួយដឹកមកកាន់មន្ទីរពេទ្យ នៅពេលមានជនរងគ្រោះផ្សេងទៀត។
លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង៕