(ពោធិ៍សាត់)៖ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈចលនាសាសនិកឥស្លាម និងលោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំសប្បុរសជនសិង្ហបុរី អង្គការ SGQURBAN ដឹកនាំដោយលោក Mouzzammil PM ទៅកាន់បណ្តាភូមិមួយចំនួនក្នុងស្រុកក្រគរ ខេត្តពោធ៍សាត់ ដើម្បីដោះស្រាយបញ្ហាកង្វះខាតមួយចំនួន របស់សហគមន៍ខ្មែរឥស្លាមក្នុងតំបន់នោះ។
លោក រ៉ូហ្វី អូស្មាន បានផ្តល់ថវិកាសរុប ១៤,៤១០,០០០រៀល ដើម្បីចូលរួមបំពេញតម្រូវការរបស់សហគមន៍ខ្មែរឥស្លាមក្នុងស្រុកក្រគរ ក្នុងនោះរួមមានការចូលរួមដាក់លូផ្លូវលំ ផ្តល់ថវិកាសម្រាប់ព្រះវិហារ ជួយដល់ចាស់ជរា និងជនក្រីក្រ។ ក្រៅពីនេះ លោកក៏បានពាំនាំអំណោយរបស់សប្បុរសជនសិង្ហបុរី គិតជាថវិកាសរុបជាងជាង ៤០លានរៀលផ្សេងទៀត ប្រគល់ជូនកុមារកំព្រាក្នុងស្រុកក្រគរ ៣៥០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល សម្លៀកបំពាក់១ឈុត និងអាហារមួយចំនួន ព្រមទាំងចាស់ជរា ១០០នាក់ ម្នាក់ៗទទួលបានសារុង១ផងដែរ។
ថ្លែងទៅកាន់បងប្អូនខ្មែរឥស្លាមជាង ៧០០នាក់ ដែលចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយនៅឃុំឈើតុំ ស្រុកក្រគរ លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ពួកគាត់ឲ្យត្រៀមខ្លួនចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលនឹងត្រូវប្រព្រឹត្តទៅនៅមិនដល់ ២ខែទៀត តែប៉ុណ្ណោះ គឺនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ព្រោះវាជាការចូលរួមយ៉ាងចាំបាច់បំផុតក្នុងនាមជាពលរដ្ឋខ្មែរ ដែលត្រូវតែបង្ហាញការចូលរួមសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
លោកបន្តថា ជាការជាក់ស្តែងយើងបានឃើញហើយថា តើមានមេដឹកនាំគណបក្សផ្សេងណា ក្រៅពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែចូលរួមដោះស្រាយទុក្ខលំបាករបស់បងប្អូន។ សព្វថ្ងៃកម្ពុជាមានមេដឹកនាំល្អ រដ្ឋាភិបាលល្អ ជាអ្នកផ្តល់កំណើតទី២ដល់ប្រជាពលរដ្ឋ ជាអ្នកតស៊ូលះបង់ឈាមស្រស់ ប្រថុយអាយុជីវិត ដើម្បីសុខុមាលភាព សន្តិភាពជូនប្រជាជាតិ រហូតបានប្រទេសជាតិសព្វថ្ងៃ មានការរីកចម្រើនគ្រប់បែបយ៉ាង។
លោក រ៉ូហ្វី អូស្មាន បានកោតសរសើរដល់សប្បុរសជនសិង្ហបុរី ដែលបានសហការចូលរួមឧបត្ថម្ភជូនសហគមន៍ខ្មែរឥស្លាម នៅស្រុកក្រគរ ជាមួយនឹងគណៈចលនាសាសនិកឥស្លាម ក៏ដូចជាសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាផងដែរ៕