(ត្បូងឃ្មុំ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋប្រមាណ ១,៨០០នាក់ ក្នុងបរិវេណទីបញ្ជាការវរសេនាតូចលេខ២ ស្ថិតនៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកស្រីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់ជូនប្រជាពលរដ្ឋផងដែរ ក្នុងនោះមាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសា ប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន៖ ផ្នែកវះកាត់តូច ពិនិត្យ និងព្យាបាលមាត់ធ្មេញ ពិនិត្យរោគស្ត្រី ពិនិត្យ និងព្យាបាលជំងឺទូទៅ សម្ភព និងអេកូសាស្ត្រ អប់រំសុខភាពដល់ប្រជាពលរដ្ឋដែលទទួលសេវាព្យាបាល ចែកជូនវែនតាសម្រាប់លោកតា លោកយាយ និងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៧គ្រឿងផងដែរ។

សូមបញ្ជាក់ថា ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ តែងតែធ្វើសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពតាមបណ្តាខេត្តនានា ជាពិសេសនៅតំបន់ដាច់ស្រយាលជាច្រើនគោលដៅកន្លងរួចមកហើយ៕