(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តចុះអប់រំប្រជាពលរដ្ឋចំនួន ៤៨៧គ្រួសារ មកពី៥សហគមន៍ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យរស់នៅ ដើម្បីជៀសវាងបញ្ហាជំងឺឈឺថ្កាត់ផ្សេងៗ។
ប្រជាពលរដ្ឋដែលទទួលបានការអប់រំខាងលើ រួមមាន៖ សហគមន៍រួមមិត្ត សហគមន៍ស្ត្រីឃ្លាំងសាំង សហគមន៍ភូមិដើមស្រស់ សហគមន៍មិត្តភាព និងសហគមន៍ភូមិសាមគ្គី សរុបចំនួន ៤៨៧គ្រួសារ។
នៅក្នុងសកម្មមនុស្សធម៌នេះ ក្រុមការងារស្ម័គ្រចិត្តនៃសមាគម TYDA អប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានចែកខិតប័ណ្ណព័ត៌មាន ព្រមទាំងណែនាំអំពីរោគសញ្ញា និងវិធីសាស្ត្របង្ការជំងឺរាករួស និងការព្យាជំងឺកម្រិតស្រាលនៅក្នុងសហគមន៍ ឬត្រូវបញ្ជូនទៅមណ្ឌលសុខភាពក្នុងករណីចាំបាច់។ ជារឿយៗ ពេលចុះបំពេញសកម្មភាពមនុស្សធម៌តាមសហគមន៍ ក្រុមការងារសមាគម TYDA បានពិនិត្យ និងបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅភ្នំពេញ។
ជាក់ស្តែង មានករណីអ្នកជំងឺដែលមានជំងឺសន្លាក់ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ក្រោមការឧបត្ថម្ភការព្យាបាល ការស្នាក់នៅ ការហូបចុក និងការចំណាយផ្សេងៗពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី។
សូមបញ្ជាក់ថា ក្រោយចុះអប់រំសុខភាពជូនសហគមន៍ប្រជាពលរដ្ឋខាងលើ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចូលរួមជាមួយអាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជួបសំណេះសំណាលជាមួយសមាជិកសមាគមស៊ីក្លូកម្ពុជា ស្តីពីវិធីសាស្ត្រថែទាំសុខភាព និងបង្ការជំងឺរាក ដោយបានចែកខិតប័ណ្ណព័ត៌មាន ព្រមទាំងណែនាំអំពីរោគសញ្ញា និងវិធីសាស្ត្របង្ការជំងឺរាកផងដែរ៕