(ស្ទឹងត្រែង)៖ ផ្លូវក្រាលគ្រួសអាចម៌ផ្កាយមួយខ្សែប្រវែងជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីឃុំចំការលើទៅឃុំអន្លង់ភេ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានបើកការដ្ឋានសាងសង់យ៉ាងគគ្រឹកគគ្រេង ជាមួយវត្តមានប្រជាពលរដ្ឋរាប់ពាន់នាក់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះ ប្រជាពលរដ្ឋបានសម្ដែងការសប្បាយរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីនេះ ពីព្រោះវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការធ្វើដំណើមកទទួលសេវាសាធារណៈនៅទីរួមខេត្ត ដូចជាទៅមកទទួលសេវាសុខាភិបាល ការសិក្សារៀនសូត្ររបស់កុមារ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារជាដើម ដែលកន្លងមកប្រជាពលរដ្ឋត្រូវធ្វើដំណើតាមផ្លូវលំក្នុងស្ថានភាពពិបាក តួយ៉ាងសម្រាប់ស្រ្តីមានផ្ទៃពោះ គឺពិតជាមានការលំបាកយ៉ាងខ្លាំង។
ម្យ៉ាងទៀត ការធ្វើដំណើរពីមុននោះ ក៏ត្រូវចំណាយពេលពេញមួយថ្ងៃទើបមកដល់ទីរួមខេត្តស្ទឹងត្រែង រហូតធ្វើឲ្យអ្នកជំងឺខ្លះត្រូវស្លាប់បាត់បងជីវិតតាមផ្លូវក៏មាន និងពេលខ្លះត្រូវព្យារពេលធ្វើដំណើរ ដោយសារទឹកជំនន់តាមដងអូរឡើងខ្លាំង ហើយត្រូវរងចាំ១ថ្ងៃ ឬ២ថ្ងៃ ដើម្បីទឹកអូរស្រកទៅវិញ ទើបអាចធ្វើដំណើទៅមុខទៀតបាន។
ប៉ុន្តែទោះយ៉ាងណា ក្រោយពីការស្ថាបនាផ្លូវនះរួចហើយ ផ្លូវនេះនឹងក្លាយជាផ្លូវប្រវត្តិសាស្ត្រដំបូង សម្រាប់ប្រជាពលរដ្ឋក្នុងឃុំអន្លង់ភេ និងឃុំចំការលើ ហេតុដូច្នេះទើបធ្វើឲ្យប្រជាពលរដ្ឋទាំងឃុំ២នេះ មានការគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ពិសេសការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម និងតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានផ្តល់នូវសមិទ្ធផលនេះ តាមរយៈលោកអភិបាលខេត្ត ម៉ុម សារឿន ជាមួយនឹងភាពសប្បាយរីករាយនេះ ប្រជាពលរដ្ឋទូទាំងឃុំចំការលើ និងឃុំអន្លង់ភេ បានប្តេជ្ញាគាំបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតគ្រប់អាណត្តិ។
នាឱកាសនោះដែរ អ្នកតំណាងរាស្ត្រ ឡូយ សុផាត និងលោកអភិបាលខេត្ត ម៉ុម សាវឿន ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះផងដែរ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និងសិស្សានុសិស្សទទួលបានសៀវភៅ ១ក្បាល ប៊ិច២ដើម និងថវិកា ៣,០០០រៀល៕