(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ និងគរុសិស្សភូមិភាគសុខាភិបាលកំពង់ចាម ចំនួន៤០០នាក់ ក្នុងនោះមានការចូលរួមពីអភិបាល អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ លោកគ្រូអ្នកគ្រូពេទ្យ សិស្សនិស្សិតពេទ្យ និងមន្ត្រីពាក់ព័ន្ធប្រមាណ៥០០នាក់ នៅសាលាខេត្តត្បូងឃ្មុំ ។
បន្ទាប់ពី លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ ឡើងធ្វើរបាយការណ៍សកម្មភាព របស់គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បានអនុវត្តកន្លងមករួចមក មានប្រសាសន៍សំណេះសំណាល លោក ហ៊ុន ម៉ាណែត បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនអ្នកចូលរួមទាំងអស់នាឱកាសនោះ ។
លោកក៏បានកោតសរសើរ ថ្លែងអំណរគុណ និងមោទនភាព ចំពោះអ្វីដែលវិស័យសុខាភិបាល មន្ត្រីសុខាភិបាល ខិតខំបំពេញកន្លងមក ប្រកបដោយឆន្ទៈ និងក្រមវិជ្ជាជីវៈសុខាភិបាល និយាយដោយឡែក នៅខេត្តត្បូងឃ្មុំ និយាយជារួមនៅទូទាំងប្រទេស ក្នុងការចូលរួមជួយស្តារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដោយបងប្អូនបានដឹងហើយថា «នេះជាវិស័យទេវតា វិស័យជួយជីវិត» ។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាល ទូទាំងប្រទេសជាង២ម៉ឺននាក់ ទទួលរ៉ាប់រងប្រជាពលរដ្ឋជាង១៦លាននាក់ មិនមែនជារឿងធម្មតានោះទេ គឺមិនតូចទេ ហើយបើមិនមាន២ម៉ឺននាក់ ប្រជាជន១៦លាននាក់ ពិតណាស់ គឺរស់ដោយលំបាក សុខភាពក៏មានបញ្ហា សេដ្ឋកិច្ចជាតិក៏ពិបាកកើនឡើង ដែលនេះជាមោទនៈភាពវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ លោកបានយកចិត្តទុកដាក់ខ្ពស់ ជាវិស័យចម្បង រួមជាមួយវិស័យអប់រំ ។
លោកបន្តថា មិនគួរណាជនអគតិមួយចំនួន មិនជួយចូលរួមលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា តែបែរជាបំប៉ោងផ្សព្វផ្សាយព័ត៍មាន ដោយយកបុគ្គលដែលខ្វះខាត១ទៅ២នាក់ មកវ៉ៃមន្ត្រីសុខាភិបាលជាង២ម៉ឺននាក់ គឺមិនយុត្តិធម៌ យកទិដ្ឋភាព រូបភាពអ្នកជម្ងឺប៉ុន្មានអ្នក ទៅព្យាបាលនៅប្រទេសផ្សេង ថាប្រជាពលរដ្ឋលែងទុកចិត្តពេទ្យរបស់យើង ដោយភ្លេចថាប្រជាពលរដ្ឋប្រមាណ១០លាននាក់ ទទួលសេវាប្រចាំខែ នេះជារឿងឈឺចាប់សម្រាប់បងប្អូនបំរើការក្នុងវិស័យសុខាភិបាល តែទោះបីមានការវាយប្រហារ ការរិះគន់ ពីពួកប្រឆាំងយ៉ាងណាក៍ដោយ តែសូមបងប្អូនពង្រឹងឆន្ទៈវិជ្ជាជីវៈរបស់ខ្លួន នឹងត្រូវចង់ចាំថា «មាសសុទ្ធមិនខ្លាចភ្លើង»។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសុខាភិបាលទាំងអស់ សូមបន្តជួយយកចិត្តទុកដាក់បន្ថែម លើកកម្ពស់ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ ឲ្យបានជាប់ជាប្រចាំ នេះជាការងារដែលចាំបាច់ជំនាញជាគ្រូពេទ្យត្រូវអនុវត្ត ពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួន ៕