(ភ្នំពេញ)៖ គណបក្សធម្មាធិបតេយ្យ បានទៅយកបែបបទបំពេញពាក្យពីគណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប) ដើម្បីដាក់ប្រាក់តម្កល់១៥លានរៀល នៅរតនាគារជាតិ មុននឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ដែលជាថ្ងៃទី០៧ នៃការចុះឈ្មោះបោះឆ្នោត។

គណបក្សធម្មាធិបតេយ្យ ដែលមានប្រធានជាស្ត្រី ឈ្មោះ ពោធិតី សាវត្ថី ជាពលរដ្ឋខ្មែររស់នៅប្រទេសហូឡង់។

បើតាមលោក ឌឹម សុវណ្ណរុំ រហូតដល់ពេលនេះមានគណបក្សចំនួន២ បានបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ និងមានគណបក្សចំនួន៨ បានយកពាក្យដើម្បីរៀបចំឯកសារតម្កល់លុយ ខណៈដែលគណបក្សជាច្រើនទៀតបានយកបែបបទពី គ.ជ.ប ទៅត្រួតពិនិត្យ និងបំពេញ។
ចំណែកគណបក្សចំនួន៣ បានចុះឈ្មោះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។​

លោក ឌឹម សុវណ្ណរុំ បានបញ្ជាក់ថា ដូច្នេះសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុនេះ មានគណបក្សប្រមាណលើស១០ នឹងចូលរួមក្នុងការបោះឆ្នោត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយរហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និងគណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះមិនចូលរួមក្តី ក៏មានគណបក្សនយោបាយជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ៕