(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានណែនាំប្រាប់ប្រធានផ្សារលើ (ខេត្តព្រះសីហនុ) នៅចំពោះមុខអាជីវករក្នុង-ក្រៅផ្សារថា ត្រូវរៀបចំបំពាក់កង្ហារបឺតកម្ដៅឲ្យបានគ្រប់អគារផ្សារ ដើម្បីជួយកាត់បន្ថយកម្ដៅក្នុងផ្សារបង្កលក្ខណផាសុកភាពជូនអាជីវករ ចំណែកអាជីវករដែលលក់ក្រៅផ្សារកន្លងមក ត្រូវសម្រួលឲ្យពួកគាត់ចូលលក់ដូរក្នុងផ្សារវិញទាំងអស់គ្នា។
ការណែនាំប្រធានផ្សារលើ ក្នុងន័យគិតគូរដល់អាជីវករផ្សារលើយ៉ាងដូច្នេះ ត្រូវបានស្ដែងឡើងក្នុងឱកាសលោកចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារលើ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។ ជាមួយនោះ លោកអភិបាលខេត្តក៏បានស្នើឲ្យប្រធានផ្សាររៀបចំសម្រួលតូបឲ្យអាជីវករ ដែលកំពុងលក់ខាងក្រៅផ្សារលើចំណីផ្លូវ ឲ្យពួកគាត់បានចូលមកលក់នៅខាងក្នុងផ្សារវិញ ដើម្បីជៀសវាងបញ្ហាខូចសណ្តាប់ធ្នាប់។
មិនតែប៉ុណ្ណោះ លោក យន្ត មីន ក៏គ្រោងនឹងធ្វើផ្លូវបេតុងភ្ជាប់ផ្លូវឆ្លងកាត់ផ្សារទាំង២ គឺភ្ជាប់ពីផ្សារលើ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគេនិយមហៅថា ផ្សារចិនផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ ពេលមកទិញទំនិញផ្សេងៗនៅផ្សារទាំងពីនេះ។
ពាក់ព័ន្ធនឹងការណែនាំរបស់លោកអភិបាលខេត្តព្រះសីហនុនេះដែរ លោក រស់ សុគីម ប្រធានផ្សារលើ បានឲ្យដឹងថា បច្ចុប្បន្ននេះបានបំពាក់កង្ហារបឺតកម្ដៅនៅផ្សារលើនេះ បានចំនួន ៤៥គ្រឿងហើយ។ ពេលនេះក្រុមការងារកំពុងបំពាក់បន្តទៀត សរុបចំនួន ៤០០កង្ហារ។ តាមគម្រោងត្រូវបំពាក់គ្រប់អគារទាំង៥ នៃផ្សារតែម្តង ដោយត្រូវចំណាយទឹកប្រាក់ប្រហែល ៤០,០០០ដុល្លារ។
ជាការឆ្លើយតប ក្រុមអាជីវករផ្សារលើជាច្រើនសម្ដែងក្តីសប្បាយរីករាយ ពេលឃើញថ្នាក់ដឹកនាំគិតគូរដល់ពួកគាត់ និងចុះមកសួរសុខទុក្ខពួកគាត់ដល់កន្លែងលក់ដូរបែបនេះ។ ពួកគាត់បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត យន្ត មីន ដែលបានជួយដាក់កង្ហារបឺតកម្ដៅជូនពួកគាត់។
ក្រុមអាជីវករបន្តថា កង្ហារបឺតកម្ដៅនេះបានជួយសម្រួលបានច្រើនដល់ពួកគាត់ជាអ្នកលក់ដូរ ទី១.ជួយកាត់បន្ថយកម្ដៅក្នុងផ្សារ ទី២.ជួយកាត់បន្ថយក្លិនមិនល្អ និងទី៣.ជួយឲ្យផ្សារមានពន្លឺមិនងងឹតដូចមុនទៀតឡើយ៕