(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ បើនិយាយអំពីសាវតារដើមទងនៃការដាក់ឬហៅឈ្មោះអ្វីមួយ តែងមានរឿងរ៉ាវប្រវត្ដិ និងអត្ថន័យច្បាស់លាស់។ ជាក់ស្ដែងឈ្មោះខេត្ដក្រចេះ ដែលជាឈ្មោះខេត្ដមួយស្ថិតនៅភាគឥសានប្រទេសកម្ពុជាយើង ហើយដែលសព្វថ្ងៃយើងឃើញមានអ្នកខ្លះ យល់ថាអីចេះ ឬអីចុះ ដោយស្ទើរតែក្លាយជាពាក្យកំប្លែងលេងយកជាការពុំបាន។ បើហេតុនេះតើឈ្មោះខេត្ដក្រចេះសំដៅលើអ្វី?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីការដាក់ឬហៅឈ្មោះខេត្ដក្រចេះ ដូចយើងឃើញសព្វថ្ងៃនេះ គឺជាការដាក់ឬហៅទៅតាមប្រភេទឈ្មោះដើមឈើម្យ៉ាងហៅថា «ក្រចេះ» ។ ពីព្រោះខេត្ដក្រចេះ ជាខេត្ដមួយមានទីតំាងភូមិសាស្រ្ដស្ថិតនៅតាមដងទន្លេមេគង្គ ដែលសំបូរទៅដោយព្រៃព្រឹក្សាលតាវល្លិប្រណិតៗយ៉ាងច្រើនគ្រប់ប្រភេទ ទំាងតូចទំាងធំក្នុងប្រទេសកម្ពុជាយើង។
ភស្ដុតាងជាក់ស្ដែងចំពោះប្រភេទឈ្មោះឈើក្រចេះនេះ យើងឃើញមាននៅក្នុងសិលាចារឹកជាកាព្យ K.32 ឬ (IMA38) នៅប្រាសាទអង្គរវត្ដដែលតែងដោយជ័យនន្ទ នៅគ.ស.១៧០២ ដោយបានរៀបរាប់យ៉ាងក្បោះក្បាយថា «…ក្លិនដូចក្រចេះ ពិដោរស្រេចហោង»។ ទន្ទឹមនិងនេះដែរ នៅក្នុងសៀវភៅស្ដីពីរាជស័ព្ទខ្មែរ និងប្រែជាបារំាង របស់បុព្វជិតបារំាងឈ្មោះ Guesdon ក៏បានបរិយាយយ៉ាងច្បាស់ដែរថា «ម្សៅក្រចេះក្រអូប» បច្ចុប្បន្នពុំមានប្រភេទដើមឈើនេះទៀតទេ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះចំពោះបុព្វបុរសខ្មែរដែលបានដាក់ឈ្មោះខេត្ដក្រចេះ ហើយដែលយើងហៅមកដល់សព្វថ្ងៃនេះ គឺជាការដាក់តាមប្រភេទឈើប្រណិត «ក្រចេះ» នេះឯង។ ក្នុងគោលបំណងសំដៅដល់អត្ថន័យប្រភេទឈើក្រចេះ ដែលមានក្លិនពិដោរ ដែលគេអាចយកមកធ្វើជាគ្រឿងក្រអូប ឬធ្វើប្រេងម្សៅបាន គឺមិនខុសពីដើមឈើខ្លឹមចន្ទន៍នោះទេ។ បានសេចក្ដីថា ពុំមែនជាការដាក់ឈ្មោះក្នុងន័យលេងសើចដូចយើងយល់នោះទេ៕