(ភ្នំពេញ)៖ និស្សិតឆ្នើមកម្ពុជា១០រូប មកពីសកលវិទ្យាល័យផ្សេងគ្នា បានបញ្ជប់ការសិក្សាជំនាញរបស់ខ្លួនគឺ ផ្នែកអាកាសយាននិក (អ្នកបើកយន្តហោះ) មកពីក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក, ចិន និងអឺរ៉ុប ដែលសុទ្ធសឹងតែជាសកវិទ្យាល័យ ដែលទទួលស្គាល់ពីអន្តរជាតិ។
ក្នុងចំណោម១០រូបនោះមាន៥រូប បានធ្វើសំភាសន៍រួចរាល់អស់ហើយ ហើយសព្វថ្ងៃកំពុងបម្រើការងារ និងទទួលប្រាក់បៀវត្សន៍សមរម្យផងដែរ នេះបើតាមការបញ្ជាក់ពីលោក ឃួន ថោងស៊ីន ប្រធានការិយាល័យ ផ្នែកអភិវឌ្ឍន៍ធនមនុស្ស និងទីផ្សារ។
ការថ្លែងបញ្ជាក់របស់ លោក ឃួន ថោងស៊ីន នៅក្នុងកម្មវិធី «ប្រកួតប្រជែងតស៊ូមតិ ក្រោមប្រធានបទ គុណសម្បត្តិ និងគុណវិបត្តិ នៃការអភិវឌ្ឍន៍ វិស័យទេសចរណ៍ចំពោះបរិស្ថាន» ដែលរៀបចំឡើងដោយសាកលវិទ្យាល័យ ន័រតុន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ រួមនឹងនិស្សិតប្រចាំសាកលវិទ្យាល័យ ន័រតុន។
លោក ឃួន ថោងស៊ីន បានបញ្ជាក់ថា «អាកាសយានិកពាណិជ្ជកម្មឥឡូវនេះ យើងមានជិត១០នាក់ហើយ ដែលបានមកដល់ស្រុកខ្មែរវិញ ហើយឥឡូវនេះ៥នាក់បានរួចខ្លួនផុតពីការសម្ភាសន៍ ចប់សព្វគ្រប់ហើយដែរ គាត់នឹងទទួលបានប្រាក់បៀវត្ស ដ៏សមរម្យមួយសម្រាប់ខ្លួនគាត់ផងដែរ»។
មិនតែប៉ុណ្ណោះ លោក ឃួន ថោងស៊ីន ពន្យល់ថា «អាកាសយាននិកពាណិជ្ជកម្ម» មានន័យថា អាកាសយាននិកមានតួនាទី និងមានសិទ្ធិហោះហើរ ដឹកអ្នកដំណើរទៅគោលដៅផ្សេងៗ ដោយឡែក អាកាសយាននិកយោធា គឺមិនបានបញ្ចេញដោយសេរីនោះទេ។
លោកបញ្ជាក់ទៀតថា «តើយើងត្រូវចំណាយទុនប៉ុន្មាន ដើម្បីឲ្យបានធនធាន មនុស្សអាកាសយាននិកមួយរូប? មានតម្លៃជាង១០ម៉ឺនដុល្លារ សម្រាប់ឲ្យក្លាយទៅជា អ្នកអាកាសយាននិក ពាណិជ្ជកម្មម្នាក់»។
សូមជម្រាបជូបថា «ប្រកួតប្រជែងតស៊ូមតិ ក្រោមប្រធានបទ គុណសម្បត្តិ និងគុណវិបត្តិ នៃការអភិវឌ្ឍន៍ វិស័យទេសចរណ៍ចំពោះបរិស្ថាន» បង្កើតឡើងដោយក្រុមនិស្សិតដែលបានសិក្សាមុខវិជ្ជា ការគ្រប់គ្រង និងរៀបចំការប្រជុំសន្និសីទ ការតាំងពិព័ណ៌និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ក៏ដូចជាពង្រឹងបន្ថែមសមត្ថភាពរបស់និស្សិត ដែលកំពុងតែសិក្សាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមតម្រូវការទីផ្សារ ការងារទាំងក្នុងនិងក្រៅស្រុក។
បន្ថែមពីនេះ លោក ឃួន ថោងស៊ីន ពន្យល់ណែនាំដល់និស្សិតដែលចូលរួមកម្មវិធីទាំងអស់ ដែលមានបំណងសិក្សាជំនាញអាកាសយាននិកនេះថា «យុវជនដែលមានបំណង ចង់ក្លាយខ្លួនជាអ្នកបើកយន្ដហោះ(អាកាសយាននិក) ឥឡូវការិយាល័យផ្នែកអភិវឌ្ឍន៍ធនមនុស្ស និងទីផ្សារ បានចុះកិច្ចព្រមព្រៀងជាមួយបណ្ដា សាលាក្នុងតំបន់អាស៊ានហើយ»។
លោកបន្ដថា «ដូច្នេះមានសាលានៅប្រទេសហ្វីលីពីន, ឥណ្ឌនេស៊ី និងវៀតណាម ប៉ុន្ដែវៀតណាមការិយាល័យផ្នែកអភិវឌ្ឍន៍ធនមនុស្សគ្រាន់តែ ធ្វើការចុះកិច្ចព្រមព្រៀង ទៅលើការបង្រៀន ផ្នែកទ្រឹស្ដីតែប៉ុណ្ណោះ»៕