(ភ្នំពេញ)៖ ខណៈការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនតំណាងរាស្ត្រសម្រាប់អាណត្តិទី៦ គ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨ ក្រុមអ្នកនយោបាយនៃអតីតបក្សសង្គ្រោះជាតិ និងមេចលនាឧទ្ទាមខុសច្បាប់ កំពុងស្ថិតក្នុងស្ថានភាពស្លរឈាម និងស្លន់ស្លោនយោបាយ វង្វេងលែងដឹងខុសត្រូវ និងប្រព្រឹត្តទង្វើបំពានច្បាប់ម្តងហើយម្តងទៀត។ ស្លន់ស្លោ និងស្លរឈាមព្រោះបានដឹងយ៉ាងច្បាស់ថាខ្មោចគណបក្សសង្គ្រោះជាតិបានស្លាប់បាត់ទៅហើយ ទោះបីជានាំគ្នាកៀងគរ ធ្វើយុទ្ធនាការបំផ្លាញជាតិ និងសុខចិត្តលត់ជង្គង់ ឱនក្បាលអង្វរបរទេសឱ្យដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងផលប្រយោជន៍កម្ពុជាយ៉ាងណាក៏ដោយ ក៏មិនអាចស្រោចស្រង់បានដែរ ហើយច្បាស់ណាស់ថា ឈ្មោះបក្សសង្គ្រោះជាតិនឹងមិនមានវត្តមាននៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខឡើយ។
ដោយសារតែមើល ឃើញពីភាពទ័លច្រកនយោបាយ និងការបញ្ចប់ជាស្ថាពរ នូវអាជីពនយោបាយខ្លួននៅកម្ពុជាជាមួយនឹងការរលាយទាំងស្រុងនៃបក្សសាងគ្រោះឱ្យជាតិ ទើបទណ្ឌិត សម រង្ស៊ី ដែលជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាជនក្បត់ជាតិតពូជពីឪដល់កូន និងជាអ្នកពូកែប្រើវោហាសាស្ត្រញុះញង់ រើសអើងស្អប់ខ្ពើមប្រកាន់ពូជសាសន៍ រួមនឹងគូកនខ្លួន បានអនុវត្តនូវផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត តាមរយៈការអំពាវនាវឱ្យបរទេសកុំគាំទ្រលើការបោះឆ្នោត និងមិនឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួន។ តើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកនយោបាយបំផ្លាញជាតិនេះ អាចធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ស្លាប់ដូចដែលពួកគេអះអាងនោះទេ?
ទី១៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងរីកលូតលាស់រឹងមាំលើសដើម៖ កម្ពុជាប្រកាន់នូវរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយក្នុងនោះ ការបោះឆ្នោតត្រូវដំណើរការជាទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។ នៅពេលនេះ កម្ពុជាបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយការបោះឆ្នោតនឹងធ្វើឡើងតាមការកំណត់គឺនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨។ គណបក្សនយោបាយជាច្រើន បានដាក់ពាក្យរួចហើយ និងខ្លះបាននិងកំពុងរៀបចំដាក់ពាក្យដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលខាងមុខ ស្របតាមសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋដែលបើកទូលាយ ដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
គេរំពឹងថានឹងមានគណបក្សមិនតិចជាង ១០ ទេ ដែលនឹងចូលរួមក្នុងការបោះឆ្នោតនេះ ដែលធានាបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ ទោះបីជាខ្មោចបក្សសង្គ្រោះជាតិ និងមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី ខំជំទាលថា ទាល់តែមានវត្តមានខ្មោចបក្សខ្លួនចូលរួមបោះឆ្នោត ទើបដំណើរការបោះឆ្នោតស្របច្បាប់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយ។ ប៉ុន្តែពលរដ្ឋខ្មែរពិតជាយល់ច្បាស់អំពីអត្ថន័យនៃពាក្យទំនៀមបុរាណខ្មែរថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»។ សម រង្ស៊ី និងក្រុមអ្នកនយោបាយ ត្រូវបានដកហូតសិទ្ធិមួយចំនួន បានមាក់ងាយគណបក្សនយោបាយផ្សេងទៀតថា ជាគណបក្សអាប ឬគណបក្សអំពិលអំពែក និងជាគណបក្សដែលចូលរួមការបោះឆ្នោតគ្រាន់តែ ជាការកំដ គណបក្សកាន់អំណាច។ នេះគឺជាចរិតហ្ស៊ីនរបស់អ្នកនយោបាយមាន់សម្ល សម រង្ស៊ី ដែលតែងតែអួតអាងខ្លួនជាតួឯកក្នុងនយោបាយកម្ពុជា និងអួតអាងថាមានតែខ្លួនម្នាក់ ប៉ុណ្ណោះដែលល្អជាងគេ ដែលចេះជាងគេ និងដែលសាកសមជាមេដឹកនាំកម្ពុជាជាងគេជាងឯង។ អង្គុយលើចង្អេរ លើកខ្លួនឯងពេកទេដឹង!? សម រង្ស៊ី និងក្រុមគូកនក្បត់ជាតិ មិនត្រូវភ្លេចថាក្រុមអ្នកបាននិងកំពុងដើរលើផ្លូវខុសទាំងយុទ្ធសាស្ត្រ ទាំងនយោបាយ ហើយកំពុងតែបំផ្លាញជាតិឯង ដើម្បីគ្រាន់តែបំពេញមហិច្ឆតានយោបាយខ្លួនឡើយ។
លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងបោះជំហានទៅមុខ ប្រកបដោយសុខភាពល្អជាងមុន និងកាន់ តែរឹងមាំជាងមុន ជាមួយវត្តមាននៃបក្សប្រឆាំងជាច្រើន ដែលបានកើតឡើងព្រោងព្រាត ហើយសហគមន៍អន្តរជាតិ ដូចជាប្រទេសជប៉ុន ប្រទេសចិន និងប្រទេសរុស្ស៊ី ជាដើម បានបង្ហាញពីការគាំទ្រលើដំណើរការរៀបចំការបោះឆ្នោតនេះ។ លោកឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងប្រាប់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានថា «សំខាន់គឺមានតែខ្មែរទេដែលអាចជួយខ្មែរខ្លួនឯងបានក្នុងបេសកកម្មកសាងសង្គម ប្រជាធិបតេយ្យ»។ នេះគឺជាសារមួយច្បាស់លាស់ថាកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យភាព មិនអាចនរណាម្នាក់រំលោភបំពានបានឡើយ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាកំពុងរីកលូតលាស់ប្រកបដោយសុខភាពល្អ។
ទី២៖ ព្យាយាមបំផ្លាញការបោះឆ្នោតតាមរយៈការអំពាវឱ្យពលរដ្ឋធ្វើពហិកា៖ នៅពេលដែលជម្លោះផ្ទៃក្នុងនៃក្រុមអ្នកនយោបាយអតីតបក្សប្រឆាំង ផ្ទុះឡើងបែងចែកកម្លាំងគ្នារវាង ក្រុមកូនស្រី កឹម សុខា ដែលបន្តស៊ីកេរខ្មោចបក្សសង្គ្រោះជាតិ ក្រុម សម រង្ស៊ី បង្កើតចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិដើម្បីដណ្តើមគ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញ និងក្រុមលោក គង់ គាំ ដែលបានចាប់យកនូវឱកាសមាសដោយបានបង្កើតគណបក្សថ្មីមួយឈ្មោះឆន្ទៈខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ខាងមុខ។ សម រង្ស៊ី បានប្រើប្រាស់នយោបាយសងសឹកនឹងក្រុមរបស់ខ្លួន ដោយបានគិតថាប្រសិនបើខ្លួនមិនអាចចូលរួមបោះឆ្នោតបាន និងបើមិនអាចស្វែងរកទីតាំងឈ រជើងនយោបាយមួយក្រោយពីខ្លួនលាលែងពីអតីតប្រធានបក្សសង្គ្រោះជាតិបាន គឺ គ្មាននរណាម្នាក់អាចនឹងទទួលបានឱកាសនេះដែរ។ ហេតុដូច្នេះហើយ ក្រុម សម រង្ស៊ីត្រូវបំផ្លាញការបោះឆ្នោតតាមរយៈការអំពាវនាវប្រជាពលរដ្ឋធ្វើពហិកាការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ប៉ុន្តែនេះគឺជាទង្វើខុសច្បាប់។ ខុសច្បាប់ព្រោះការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតគឺជា ការរំលោភយ៉ាងធ្ងន់ធ្ងររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលោភលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តល្មើស និងរំលោភសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ល្មើសនិងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការអំពាវនាវឱ្យពលរដ្ឋមិនទៅបោះឆ្នោតត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថាវាគឺជាទង្វើខុសច្បាប់និងព្រមានចាត់វិធានការប្រឆាំងនឹងទង្វើខុសច្បាប់នេះថែមទៀតផង។ ដូច្នេះការអំពាវនាវឱ្យមានការធ្វើពហិការនេះ នឹងគ្មានតម្លៃអ្វីឡើយ។
ទី៣៖ ទោះមានប្រជាពលរដ្ឋប៉ុន្មានទៅបោះឆ្នោត ក៏នៅតែមានតម្លៃស្របតាម នីតិវិធីច្បាប់៖ ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់និងសង្គមស៊ីវិលស៊ីឈ្នួលបរទេសមួយចំនួន បាននិងកំពុងតែបំពុលប្រជាពលរដ្ឋ តាមរយៈការអំពាវនាវ ដោយខុសច្បាប់ទៅប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ និងព្យាយាមបកស្រាយដោយខុសពីការពិតថា បើអ្នកទៅបោះឆ្នោតមិនបានដល់ ៥០%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនោះនឹងធ្វើឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ និងមានសម្ពាធនយោបាយកាន់តែខ្លាំង។ នេះគឺជាយុទ្ធសាស្ត្របំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ និងសង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមឥទ្ធិពលនៃទឹកប្រាក់របស់បរទេស កំពុងធ្វើដើម្បីប្រឆាំងនឹងដំណើរការលទ្ធប្រជាធិបតេយ្យនៅកម្ពុជានិងវិបុលភាពនៃប្រជាជាតិខ្មែរ។ ចំពោះមុខនៃអំពើវិច្ឆេទកម្មនយោបាយប្រឆាំងនឹងកម្ពុជានេះ មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងនាពេលថ្មីៗនេះថា ពលរដ្ឋទៅបោះឆ្នោតតិចជាង ៥០% ក៏ការបោះឆ្នោតនៅតែមានភាពត្រឹមត្រូវតាមច្បាប់ជានិច្ច។ លើសពីនេះទៀត ការបោះឆ្នោតនៅកម្ពុជា គ្មានច្បាប់ណាមួយ ដែលចែងថាមានភាពស្របច្បាប់ ទាល់តែមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិពីសហគមន៍អន្តរជាតិ ឬពីប្រទេសណាមួយឡើយ។
ដូច្នេះ សំពៅកម្ពុជា បានបន្តធ្វើដំណើរទៅមុខនៅលើវិថីនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដ៏ត្រឹមត្រូវ រឹងមាំ និងស្របតាមនីតិវិធីច្បាប់ ហើយការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ក៏គ្មានអ្វីប្រែប្រួលឡើយ។ ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ និងទៅចូលរួមការបោះឆ្នោតដោយមិនខ្វល់នឹងសម្តីប្រកបដោយការញុះញង់ និងការសងសឹកនយោបាយរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមជនក្បត់ជាតិមួយចំនួនឡើយ។ ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ នឹងបង់នូវតម្លៃដ៏ខ្ពស់មួយចំពោះអំពើក្បត់ជាតិ និងការប្រឆាំងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើពួកគេនៅតែបន្តដើរខុសច្បាប់ម្តងហើយម្តងទៀត ដោយ សារតែភាពស្លន់ស្លោរ និងស្លរឈាមនយោបាយរបស់ខ្លួន៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៨