(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី០៦ ខែឧសភានេះថា មានអំពើហិង្សាមួយបានផ្ទុះឡើងក្នុងការដ្ឋានសំណង់មួយ នៅក្រុងព្រះសីហនុ រវាងជនជាតិចិន និងជនជាតិចិនដូចគ្នា បណ្ដាលឲ្យមេការម្នាក់រងរបួស ហើយជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន និង៤នាក់ទៀតបានរត់គេចខ្លួនបាត់ មុនពេលកម្លាំសមត្ថកិច្ចចុះទៅដល់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នាវេលាម៉ោង ៩៖៤០នាទីយប់មិញ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីហិង្សារវាងជនជាតិចិន និងជនជាតិចិននៅក្នុងការដ្ឋានសំណង់ស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ភ្លាមនោះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល កម្លាំងកងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់៣ បានសហការគ្នាចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ជាមួយវត្ថុតាងមានដែកបំពង់ទីបចំនួន ២ដើម ដំបងឈើចំនួន៤ដើម រីឯ៤នាក់ទៀតបានរត់គេចខ្លួនបាត់ មុនពេលកម្លាំសមត្ថកិច្ចចុះទៅដល់។
លោកស្នងការបន្តថា ជនរងគ្រោះមានឈ្មោះ WU SEN YIN អាយុ៥១ឆ្នាំ ជាមេការសំណង់ ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ តែបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ២នាក់ មានឈ្មោះ XIE YONGJI អាយុ៣៧ឆ្នាំ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ G31573895 និងឈ្មោះ XIE ZIYANG អាយុ២៤ឆ្នាំ កម្មករសំណង់ដែរ កាន់លិខិតឆ្លងដែនលេខ E06527876 ស្នាក់នៅទីតាំងជាមួយគ្នា។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបន្តទៀតថា ករណីនេះកើតឡើងដោយសារជនរងគ្រោះបើកប្រាក់ខែឲ្យជនសង្ស័យមិនគ្រប់ ដោយខ្វះម្នាក់ ២,០០០យ័ន ទៅ ៣,០០០យ័ន ពេលជនសង្ស័យទៅទាមទារប្រាក់ដែលនៅខ្វះ ស្រាប់តែជនរងគ្រោះមិនព្រមឲ្យ ក៏ផ្ទុះអំពើហិង្សានេះតែម្តង។ ចំពោះជនសង្ស័យ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការតាមនីតិវិធី៕