(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៤៨៧គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន៥រូមមាន សហគមន៍រួមមិត្ត សហគមន៍ស្រ្តីឃ្លាំងសាំង សហគមន៍ដើមស្រល់ សហគមន៍មិត្តភាព និងសហគមន៍សាមគ្គី ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨នេះ បានទទួលការអប់រំផ្នែកសុខភាព និងការរក្សាអនាម័យក្នុងការរស់នៅ ជាពិសេសទទួលបានថ្នាំបង្ការជំងឺផ្សេងៗ ដោយឥតគិតថ្លៃ និងសៀវភៅ ប៊ិចផងដែរ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមនិងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ និស្សិត អ.ម.ត យុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ មួយចំនួនថែមទៀត។
លោក ជា ពិសី បានថ្លែងថា សកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋលើផ្នែកសុខាភិបាល តាមរយៈការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងមិនមានការរើសអើង ដោយបេសកកម្មថ្ងៃនេះ បានបែងចែកក្នុងការអប់រំដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋតាមខ្នងផ្ទះនៅនឹងកន្លែង និងអប់រំសុខភាព នៅតាមបន្ទប់ជួល ដោយឥតគិតថ្លៃ៕