(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨២០គ្រឿង រកឃើញល្មើសច្បាប់ ៦៤៦គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ ២៥៣គ្រឿង និងផាកពិន័យ ៣៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៦ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,២២៥គ្រឿង អប់រំ ១៣៦គ្រឿង និងផាកពិន័យចំនួន ៣០៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៨២៧គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៥,៥៤៧គ្រឿង រកឃើញយានយន្តល្មើស ៣,០៣៦(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ១,២២៥គ្រឿង និងផាកពិន័យ ១,៨១១គ្រឿង៕