(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងព្រែកទេរ និងដៃព្រែកទេរ បញ្ឈប់ការបរិភោគ និងប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ និងប្រភពទឹកមិនមានអនាម័យក្នុងតំបន់នោះ។
ការចេញសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តក្រចេះ បានធ្វើឡើងក្រោយពេលដែលមានប្រជាពលរដ្ឋមួយចំនួនបានស្លាប់ដោយសារពុលទឹក នៅខេត្តក្រចេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា «ដើម្បីធានាសុវត្ថិភាព និងបង្កាគ្រោះថ្នាក់បន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋរស់ នៅតាមបណ្តោយដងព្រែកទេរ និងដៃព្រែកទេរ បញ្ឈប់ការបរិភោគ និងប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ និងប្រភពទឹកមិនមានអនាម័យក្នុងតំបន់នោះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បន្តជួបគ្រោះអាសន្ន ឬបានទទួលដំណឹងទាំងនេះ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ជូនភ្នាក់ងារមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែលឈរជើងនៅភូមិសាស្រ្តនោះ»។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំងនោះ សុទ្ធតែរស់នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅ បានហូរ ចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង៕