(ម៉ានីល)៖ ប្រទេសកម្ពុជា និងប្រទេសន័រវេស ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ។
ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ការជ្រើសតាំងនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។
នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ ADB, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ, បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះយុទ្ធសាស្រ្តឆ្នាំ២០២០ របស់ ADB ដែលបានជួយប្រទេសសមាជិក ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនខ្លួនឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០៣០ របស់ ADB ហើយកម្ពុជាសង្ឈឹមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីនេះ, ADB នឹងដើរតួនាទីកាន់តែសំខាន់ និងមានប្រសិទ្ធភាពនៅក្នុងការធានា ឱ្យមានកំណើនប្រកបដោយគុណភាពនៅក្នុងតំបន់, ការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងការផ្តល់នូវ ដំណោះស្រាយដ៏សមស្របចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់ ក៏ដូចជាតម្រូវការផ្សេងៗរបស់ប្រទេសសមាជិក។
កម្ពុជាយល់ថា ការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាកត្តាគន្លឹះនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ខណៈដែលការយកចិត្តទុកដាក់ ត្រូវតែផ្តោតទៅលើការរៀបចំប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ យ៉ាងឆាប់រហ័សនៃវិស័យឌីជីថល។
លោក វង្សី វិស្សុត ក៏បានគូសរំលេចផងដែរ អំពីការសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥ កន្លងទៅ។ សមិទ្ធផលសង្គម-សេដ្ឋកិច្ចខាងលើនេះ បានធ្វើឱ្យធនាគារពិភពលោក (WB) ចាត់ទុកកម្ពុជាជាប្រទេសមួយ នៅក្នុងចំណោមប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុត នៅក្នុងពិភពលោក (World’s Fastest Growing Economies) ហើយធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានចាត់ទុកកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី (Asia’s New Tiger Economy)ផងដែរ។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលក៏បានគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈបានយ៉ាងល្អ ទាំងនៅក្នុងផ្នែកចំណូល និងទាំងនៅក្នុងផ្នែកចំណាយ នៅក្នុង រយៈពេល០៥ឆ្នាំចុងក្រោយនេះ។ ក្នុងផ្នែកចំណាយ, កម្ពុជាសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ និងមិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ក្នុងផ្នែកចំណាយវិញ, កម្ពុជាបានបង្កើនចំណាយសរុបថវិការដ្ឋរហូតទៅដល់ ២៤.៥៩% នៃ ផលិតផលក្នុងស្រុកសរុប (ផសស) នៅក្នុងឆ្នាំ២០១៨ សម្រាប់គាំទ្រដល់ការកែទម្រង់ និងការអនុវត្តអាទិភាពគោលនយោបាយ និងសកម្មភាពការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
គួរបញ្ជាក់ដែរថា បើគិតធៀបចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨នេះ ចំណាយក្រសួងអប់រំត្រូវបានបង្កើនជាងបីដង ហើយចំណាយក្រសួងសុខាភិបាលត្រូវបានបង្កើនពីរដងកន្លះ ខណៈដែលចំណាយរបស់ក្រសួងកសិកម្ម ក៏ត្រូវបានបង្កើនបីដងផងដែរ។
នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ ADB លើកទី៥១ ខាងលើនេះ លោក វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយលោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។
នៅក្នុងជំនួបនេះ ប្រធាន ADB បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានរបស់កម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចនៅក្នុងរយៈកាលកន្លងមក។
លោកប្រធានបានគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រទេសកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូរយៈពេល ០៥ ថ្មី ដែលកំពុងត្រូវបានរៀបចំជាមួយរាជរដ្ឋាភិបាល។
តាមរយៈជំនួបនេះដែរ លោក វង្សី វិស្សុត ក៏បានស្នើឱ្យ ADB បន្តជួយកម្ពុជាលើការអភិវឌ្ឍជំនាញ និងការវិនិយោគលើការតភ្ជាប់ ជាពិសេសការតភ្ជាប់លើវិស័យថាមពល វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅរយៈពេលមធ្យម និងវែងទៅមុខ ពិសេសការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នៅក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤៕