(សំឡូត,បាត់ដំបង)៖ ពីលើទឹកដីសំឡូត ក្នុងខេត្តបាត់ដំបង ដែលជាតំបន់សមរភូមិប្រយុទ្ធរវាងខ្មែរ និងខ្មែរដ៏ស្រួចស្រាវកាលពីទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០នោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនរបស់កម្ពុជា ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្រោចស្រង់ប្រទេសពីរបបពិឃាត នាំប្រទេសចេញពីភ្លើងសង្គ្រាម និងប្រក្លាយតំបន់សង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍ប្រជាពលរដ្ឋរស់នៅសុខសាន្ត។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ គន់ គីម ដែលជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនដែរនោះ បានធ្វើឡើងក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនក្នុងស្រុកសំឡូត ខេត្តបាត់ដំបងសរុបប្រមាណ ១៦៩២នាក់ ដែលក្នុងនោះភាគច្រើនជាអតីតទាហានខ្មែរក្រហម។ ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារស្រុកសំឡូត លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ផងដែរ។
នៅចំពោះមុខអតីតយុទ្ធជនដែលភាគច្រើនសុទ្ធតែអ្នកធ្លាប់ភ្លក់រសជាតិនៃភ្លើងសង្គ្រាមដ៏ស្រួចស្រាវរវាងខ្មែរ និងខ្មែរនេះ នាយឧត្តមសេនីយ៍ គន់ គីម បានរៀបរាប់រំលឹកជាច្រើននូវប្រវត្តិនៃទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃសង្គ្រាមនោះ។ ក្រៅពីរំលឹករឿងរ៉ាវដ៏សែនឈឺចាប់របស់ខ្មែរនេះទៅ មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញផងដែរ ពីភាពប៉ិនប្រសព្វក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងកិច្ចខិតខំជាច្រើនក្នុងការរំដោះប្រទេស ស្វែងរកការចរចាឈានទៅបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ។ ជាពិសេសការប្រើនយោបាយឈ្នះឈ្នះឈានទៅយកទាហានខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយរកឃើញនូវការឯកភាពជាតិទាំងស្រុង។
នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា បើគ្មាននយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមិនអាចស្វែងរកឃើញការឯកភាពជាតិ បង្រួបបង្រួមជាតិ និងឈានមករកការអភិវឌ្ឍជាតិឲ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅបានសុខសាន្តដូចពេលបច្ចុប្បន្ននេះឡើយ។ តាមរយៈស្នាដៃដែលបានសាងទាំងអស់នេះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកដល់អតីតយុទ្ធជនថា ត្រូវតែជឿជាក់លើការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
«យើងត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្សមរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ជាក់ស្តែងនៅតំបន់សំឡូតយើងនេះពីសមរភូមិក្តៅប្រែក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលនាំជាតិកម្ពុជាឈានឆ្ពោះមករកយុគសម័យនៃការអភិវឌ្ឍជាថ្មី»។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំពាវនាវទៅកាន់អតីតយុទ្ធជននៅក្នុងស្រុកសំឡូត។
អតីតយុទ្ធជននៅក្នុងស្រុកសំឡូតក៏បានមើលឃើញពីសមិទ្ធផលជាតិក្រោមកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយប្រកាសគាំទ្រសម្តេចតេជោជានិច្ច។ លោក បៃ ឡា យោធិនពិការរស់នៅភូមិអូរស្ងួត ឃុំតាសាញ់ ស្រុកសំឡូត បានថ្លែងរំលឹកពីទុក្ខវេទនៃជីវិតលើសមរភូមិសង្គ្រាម ហើយតែងដេកទន្ទឹងចង់ឃើញសង្គ្រាមនេះត្រូវបានបញ្ចប់ ដើម្បីបានជួបជុំក្រុមគ្រួសារ។
លោក បៃ ឡា បានមើលឃើញថា ការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺជាពេលវេលាដ៏ពិសិដ្ឋ និងសែនសប្បាយរីករាយបំផុតសម្រាប់ពួកគាត់។ ជាពិសេសពួកគាត់រីករាយនៅពេលដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឲ្យជីវភាពល្អប្រសើរ ការរស់នៅបានសមរម្យ៕