(កំពង់ចាម)៖ តំណាងលោក ហ៊ុន ម៉ាណែត គឺលោក កៅ ថាច អនុប្រធានយុវជនបង្គោលថ្នាក់កណ្តាល ទទួលបន្ទុកប្រធានយុវជនឃុំថ្មពួន ឃុំបារាយណ៍ និងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអំពាវនាវឲ្យយុវជនទៅបោះឆ្នោត ដាច់ខាតកុំជឿតាមការឃោសនារបស់ក្រុមប្រឆាំង ដែលញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
លោក កៅ ថាច អំពាវនាវបែបនេះ ក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកជាយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំថ្មពួន ឃុំបារាយណ៍និងឃុំត្រពាំងព្រះ សរុបជាង២០០នាក់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ និងលោក ឡូញ សារ៉ូ អភិបាលរងស្រុក និងជាប្រធានយុវជនស្រុកព្រៃឈរ សមាជិកក្រុមប្រឹក្សាស្រុក។
លោក កៅ ថាច បានពាំនាំការយកចិត្តទុកដាក់ និងការសាកសួរសុខទុក្ខពីសំណាក់លោក និងផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃធំៗដែលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ចំពោះសភាពការនយោបាយក្នុងពេលបច្ចុប្បន្ន លោក កៅ ថាច បានជម្រាបជូន និងពន្យល់ដល់យុវជនឲ្យបានជ្រាប និងយល់ឲ្យកាន់តែច្បាស់កុំឲ្យមានការយល់ច្រឡំ ឬមានចាញ់បោកការឃោសនាពីសំណាក់គណបក្សប្រឆាំង។
លោក កៅ ថាច បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមទៅបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងជួយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត នាពេលខាងមុខនេះ។ បន្ទាប់ពីការសំណេះសំណាល់បានបញ្ចប់ លោក កៅ ថាច បានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួនក្នុងនាមលោក ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផងដែរ៕