(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) បានប្រកាសថា ខ្លួននឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បញ្ជាក់ឲ្យដឹង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា «កិច្ចប្រជុំគណៈកម្មាធិការនាយករបស់ គ.ប.ម ថ្ងៃនេះ បានសម្រេចក្នុងសំឡេង៣១ ទល់នឹង១ ឲ្យគណបក្សប្រជាធិបតេយ្យ មូលដ្ឋានដាក់បញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត គ.ប.ម ចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ២០១៨។ ប្រជាពលរដ្ឋនឹងទទួលបានជម្រើសថ្មី សម្រាប់ការសម្រេចចិត្ត»។
ជាមួយការប្រកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានេះ សមាជិក និងអ្នកនាំពាក្យគ.ជ.ប លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ.ជ.ប ស្វាគមន៍ជានិច្ច ដោយគ្មានការរើសអើង គ្រប់គណបក្សនយោបាយ ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ លោកបញ្ជាក់ថា «ស្វាគមន៍ក្នុងន័យថា គ្រប់គណបក្សនយោបាយ ត្រូវបំពេញបែបបទចំនួន១០ ដូចដែល គ.ជ.ប បានផ្សព្វផ្សាយ ហើយគណបក្សនយោបាយ ត្រូវទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ចុះបញ្ជីត្រឹមត្រូវតាមច្បាប់គណបក្សនយោបាយ»។
អ្នកនាំពាក្យដដែលរូបនេះបញ្ជាក់ថា ចំពោះគណបក្សនយោបាយចំនួន២ ដែលបានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោត គឺជាសិទ្ធិរបស់គណបក្សនយោបាយ ក្នុងការសម្រេចចិត្តស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា៣៤ ឆ្នាំ១៩៩៣ ដែលបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ដូច្នេះគឺជាការសម្រេច របស់គណបក្សដែលចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែ គ.ជ.ប ស្វាគមន៍ដោយគ្មានការរើសអើង គណបក្សទាំងឡាយលើសពីនេះទៅទៀតការបោះឆ្នោតជាតិ នាពេលខាងមុខនេះមានគណបក្សនយោបាយចូលរួមមិនតិចជាង១០ទេ។
លោក ឌឹម សុវណ្ណរុំ បានបញ្ជាក់ទៀតថា «បើគណបក្សនយោបាយបំពេញបែបបទមិនគ្រប់គ្រាន់ គ.ជ.ប មានសិទ្ធិពេញលេញ ក្នុងការបដិសេធ មិនទទួលស្គាល់គណបក្សនោះ រួចហើយស្នើសុំគណបក្សនោះ បំពេញឯកសារបន្ថែម។ នេះជានីតិវិធីដែលត្រូវធ្វើ ប៉ុន្តែប្រសិនបើគណបក្សណាមួយ គាត់មិនមានលទ្ធភាព បំពេញបែបបទទាំង១០ ដែលស្នើសុំដោយ គ.ជ.ប តាមច្បាប់ហើយមកបន្ទោសស្ថាប័ន គ.ជ.ប ថាធ្វើមានឧសគ្គនោះ យើងមិនទទួលស្គាល់ទេ យើងគ្រាន់តែស្នើសុំថា ធ្វើម៉េចឲ្យបំពេញបែបបទឲ្យគ្រប់ ជួនកាលលក្ខខណ្ឌ ដែលយើងដាក់ទៅនេះត្រូវបំពេញ ពេលខ្លួនឯងបំពេញមិនកើតមកបន្ទោសស្ថាប័ន គ.ជ.ប»។
សូមជម្រាបថា គ.ជ.ប បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយរហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និងគណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះ មិនចូលរួមក្តី ក៏មានគណបក្សនយោបាយជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះនឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។ តាមការរំពឹងទុក នឹងមានគណបក្សច្រើនជាង១០ ចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ៕