(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្រ្ទា ខេត្តស្វាយរៀង នាថ្ងៃទី០៦ ខែឧសភានេះ បានប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ១,០៧១នាក់ ហើយក្នុងនោះដែរសមាជិកថ្មីក៏បានប្ដេជ្ញាថា ឲ្យតែដល់ពេលបោះឆ្នោតថ្នាក់ជាតិភ្លាម ពួកគេនឹងបោះជូនគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកចន្រ្ទា និងស្នាក់ការគណបក្សបក្សក្រុងបាវិត។ លោក ម៉ឹង សំផន បានធ្វើការអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា ដើម្បីបន្តការងារអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។
លោក ម៉ឹង សំផន បានថ្លែងបន្តថា មានគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលជាអ្នករំដោះឲ្យប្រជាពលរដ្ឋរួចផុតពីរបបវាលពិឃាត ប៉ុល ពត ហើយបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេរ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិឲ្យមានខ្មែរតែមួយ។
លោក ម៉ឹង សំផន បានថ្លែងបន្តថា គណបក្សផ្សេងបានតែថាមិនដែលឃើញអ្វីសោះ សូម្បីតែប្រឡាយទឹកមួយខ្សែមិនដែលធ្វើផង តែចំពោះគណបក្សប្រជាជនកម្ពុជាវិញមិនសន្យាទេតែធ្វើ ក្នុងនោះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសនៅខេត្តស្វាយរៀង ពីមុនមិនធ្លាប់មានរោងចក្រសហគ្រាសដូចសម័យនេះទេ ឥឡូវនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែង ដែលអាចស្រូបយកកម្មកររាប់ម៉ឺននាក់ ទាំងអស់នេះក៏ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ទើបមានឱកាសអភិវឌ្ឍប្រទេស។
លោក ម៉ឹង សំផន បានបញ្ជាក់ពីការរលាយរបស់គណបក្សសង្គ្រោះជាតិ ប្រាប់ដល់សមាជិកបក្សថា អតីតគណបក្សសង្គ្រោះជាតិ បានរលាយទៅដោយសារមេបក្សខ្លួនឯង គឺលោក កឹម សុខា ជាអ្នកធ្វើឲ្យរលាយដោយសារទៅពឹងពាក់បរទេស មកចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវតុលាការកាត់ក្តីរំលាយ។ អំពីអំពើក្បត់ជាតិរបស់ កឹម សុខា និង សម រង្ស៊ី ដែលគប់គិតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស និងការឃោសនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាពេលខាងមុខ។
លោក ម៉ឹង សំផន បានជំរុញដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គ្រប់អាណត្តិបន្តទៀត៕