(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នាំយកសៀវភៅបណ្ឌិត អ៊ូ ចុង និងក្រមង៉ុយ រួមជាមួយថវិកាមួយចំនួនចែកជូនដល់លោកគ្រូ-អ្នកគ្រូចំនួន ១៤០នាក់ មកពីនៅវិទ្យាល័យនិមិត្ត វិទ្យាល័យប៉ោយប៉ែតក្រុង និងបឋមសិក្សាប៉ោយប៉ែត។
ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិទ្យាប៉ោយប៉ែត ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្នុងនោះលោក សាន ស៊ានហូ បានថ្លែងថា ទីក្រុងប៉ោយប៉ែតនាពេលនេះ គឺមានការអភិវឌ្ឍនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដូចជាផ្លូវថ្នល់ ប្រព័ន្ធលូ សំរាម និងបញ្ហាផ្សេងៗទៀត។ រដ្ឋបាលក្រុងប៉ោយប៉ែតក៏កំពុងលាងផ្លូវ លាងផ្លូវចិត្ត បើសិនជារដ្ឋបាលក្រុងទុកបណ្តែតបណ្តោយទៀត គឺមិនអាចអភិវឌ្ឍន៍តំបន់ប៉ោយប៉ែតបានឡើយ។
លោកអភិបាលក្រុងបានបន្តថា សៀវភៅបណ្ឌិត អ៊ូ ចុង និងក្រមង៉ុយចំនួន ១៤០ក្បាល ចែកជូនលោកគ្រូ-អ្នកគ្រូចំនួន ១៤០នាក់ រួមទាំងថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលនោះផងដែរ លោកគ្រូ-អ្នកគ្រូ បានគោរពថ្លែងអំណរគុណចំពោះគណៈអធិបតី ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជាការ និងបានដំឡើងប្រាក់បៀរវត្សជូនពួកគាត់បានសមរម្យ។
លោកគ្រូអ្នកគ្រូបានលើកដៃប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងអាណត្តិក្រោយៗទៀត។
នាឱកាសនោះដែរ លោក សាន ស៊ានហូ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនប្រមូលសំរាមនឹងត្រូវប្រឈមជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត នាពេលខាងមុននេះ និងត្រៀមជាស្រាចហើយនូវក្រុមថ្មី១ទៀតមកដល់ក្រុងប៉ោយប៉ែតឆាប់ៗនេះហើយ មិនទុកបណ្តោយឲ្យក្រុមហ៊ុនប្រមូលសំរាមមួយនេះនៅបន្តទៀតឡើយ ព្រោះការប្រមូលសំរាមមិនទៀងទាត់ឡើយទុកឲ្យជះក្លិនស្អុយរលួយ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរូបលោក និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕