(ភ្នំពេញ)៖ លោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនឹងធ្វើឲ្យជាតិកម្ពុជាគង់វង្សឋិតថេរ ធានាបាននូវការអភិវឌ្ឍ ប្រកបដោយសុខសន្តិភាព ហើយជាលទ្ធផលប្រជាពលរដ្ឋទទួលបាននូវភាពសម្បូរសប្បាយ រុងរឿង ឧត្តុង្គឧត្តមថ្លៃថ្លា។

លោកបានថ្លែងបែបនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសលោក និងតំណាងនៃក្រុមគ្រូឧទ្ទេស នៃយុវជនថ្នាក់កណ្តាល ព្រមទាំងសមាជិក សមាជិកា ឆ្នើមៗជាច្រើនរូបផ្សេងទៀត អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល សកម្មជនយុវជនឆ្ពោះទៅការបោះឆ្នោត នៅចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

លោក ឈឹម សារ៉េត បានឲ្យដឹងទៀតថា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជនបានផ្ចុងផ្តើម និងសម្របស្រួលឲ្យមានការបណ្តុះបណ្តាលយុវជនសកម្មចំនួន១៣០រូប ដែលមកពីឃុំចំនួន១២ នៃស្រុកបាធាយ ដើម្បីមានពុទ្ធិ និងចំណេះធ្វើ សម្រាប់ធ្វើសកម្មភាពឈានឆ្ពោះទៅរួមចំណែកធានា ភាពប្រជែងឈ្នះរបស់គណបក្សប្រជាជន នាការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៦ ខាងមុខ។

ជាចុងក្រោយ លោក ឈឹម សារ៉េត ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ត្រងត្រាប់ទទួលនូវការផ្ទេរចំណេះវិជ្ជា និងក្លាហានសាកសួរគ្រូចំពោះចំណុចណា ដែលនៅមិនទាន់យល់ច្បាស់៕