(ព្រៃវែង)៖ ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា សមាជិកគណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិត សូមកុំលង់ជឿតាមពាក្យញុះញង់របស់ក្រុមប្រឆាំង ដែលឃោសនាមិនឲ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ។
ទេសរដ្ឋមន្រ្តីថ្លែងបែបនេះ ត្រូវបានធ្វើក្នុងពេលជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំរំលេច និងឃុំឃ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមជិត ២,០០០នាក់។
លោក ញឹម វណ្ណដា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាបានថែរក្សាយ៉ាងមោះមុតនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បន្តអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ សម្តេចតេជោ ហ៊ុន សែន ក៏ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលត្រូវបានគណបក្សគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។
ទេសរដ្ឋមន្រ្តីបានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ គ្មានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិនោះទេ ព្រោះគណបក្សនេះត្រូវបានតុលាការកំពូលចេញសាលដីការរំលាយរួចហើយ គ្មានការពន្យាការបោះឆ្នោតនោះទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញផង។ កុំស្របតាមការឃោសនាអកុសលរបស់ពួកប្រឆាំង ដែលញ៉ុះញ៉ុងមិនឲ្យប្រជាជនទៅបោះឆ្នោត ព្រោះនេះជាទង្វើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ជាធរមាន ត្រូវអនុត្តទៅតាមវិធានការច្បាប់ ចំពោះជនល្មើសណាដែលបានប្រព្រឹត្តជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់។
ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានក្រើនរំឭកដល់សមាជិក-សមាជិកាគណបក្សទាំងអស់ ត្រូវជម្រុះចោលនូវសតិអារម្មណ៍ដែលយល់ថា ការបោះឆ្នោតលើកនេះអស់គូប្រកួតខ្លាំងហើយ ឬក៏យល់ថាសម្តេចប្រធានគណបក្ស បានចុះជួបសំណេះសំណាលជាមួយកម្មករ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានច្រើនហើយ ដូច្នេះយើងមិនបាច់ប្រឹងក៏ឈ្នះដែរ៕